
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា យោធាអ៊ីស្រាអែល កំពុងស្ថិតនៅកណ្តាលទីក្រុងរ៉ាហ្វា បើទោះបីជាមានការព្រួយបារម្ភ និងខឹងសម្បាជាអន្តរជាតិចំពោះប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងទីក្រុងភាគខាងត្បូងបំផុតរបស់តំបន់ហ្កាហ្សាក៏ ដោយ។
សេចក្តីថ្លែងការណ៍របស់ IDF បានបញ្ជាក់ពីអ្វីដែលសាក្សី បានឃើញផ្ទាល់ភ្នែក បានប្រាប់សារព័ត៌មាន CNN នៅដើមសប្តាហ៍នេះ នៅពេលដែលរថក្រោះជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញ នៅកណ្តាលទីក្រុងរ៉ាហ្វា ជាលើកដំបូង ចាប់តាំងពីពួកវា បានចូលទីក្រុងនេះ កាលពីដើមខែនេះ។

IDF បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា កងទ័ពរបស់IDF នៅកណ្តាលទីក្រុងរ៉ាហ្វា បានរកឃើញជើងទម្របាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស បង្គោលរូងក្រោមដីភេរវកម្ម និងអាវុធផ្សេងៗ។ កងទ័ពក៏បានរុះរើកន្លែងស្តុកអាវុធរបស់ក្រុមហាម៉ាស នៅក្នុងតំបន់នេះដែរ»។
កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបង្កើត «ការគ្រប់គ្រងប្រតិបត្តិការ» លើច្រករបៀង Philadelphia ដែលជាតំបន់ទ្រនាប់មានចម្ងាយ ១៤គីឡូម៉ែត្រ (៨,៧ម៉ាយ) នៅខាងប៉ាឡេស្ទីននៃព្រំដែនអេហ្ស៊ីប-ហ្កាហ្សា។