
ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនដណ្តើមបានគ្រប់គ្រងលើកន្លែងតាំងទីលំនៅជាច្រើន ក្នុងសប្តាហ៍កន្លងមកនេះ ខណៈដែលអ៊ុយក្រែន បានអះអាងថា ខ្លួនបានវាយបកដោយជោគជ័យទៅលើការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីភាគីទាំងពីរ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំជាច្រើន លើគោលដៅយោធាអ៊ុយក្រែន រួមទាំងប៉ុស្តិ៍បញ្ជាការ ប្រព័ន្ធការពារដែនអាកាស និងឃ្លាំងផ្ទុកប្រេងឥន្ធនៈ។ លើសពីនេះទៅទៀតនោះ ពួកគេបានដណ្តើមកាន់កាប់ដោយជោគជ័យនូវកន្លែងតាំងទីលំនៅមួយចំនួន។

ក្រសួងការពារជាតិ បានអះអាងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន MiG-29 និង Su-27 និងស្ទាក់ចាប់បានមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ គ្រាប់រ៉ុក្កែត និងយានដ្រូន ដែលអ៊ុយក្រែនបានបាញ់។
នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ក្នុងរបាយការណ៍ថា កងកម្លាំងអ៊ុយក្រែន បានចូលរួមក្នុងការប្រយុទ្ធរាប់សិបលើកជាមួយកងកម្លាំងរុស្ស៊ី ដោយមួយលើក នៅក្នុង Pokrovsk ដែលមានភាពខ្លាំងក្លាបំផុត។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោសចំនួន ៧៥នាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងពេលជម្លោះដែលកំពុងបន្តរបស់ពួកគេនេះ។