
ក្រុមឥស្លាមប៉ាឡេស្ទីនហាម៉ាសកាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនមានទស្សនៈវិជ្ជមានចំពោះខ្លឹមសារនៃសំណើបទឈប់បាញ់បីដំណាក់កាល ដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា។
ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ក្រុមហាម៉ាស បញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការដោះស្រាយជាវិជ្ជមាន និងក្នុងលក្ខណៈស្ថាបនាជាមួយនឹងសំណើណាមួយ ដែលផ្អែកលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ការកសាងឡើងវិញ [នៃតំបន់ហ្កាហ្សា] និងការវិលត្រឡប់មកវិញនៃអ្នកផ្លាស់ទីលំនៅ ទៅកាន់កន្លែងរបស់ពួកគេ រួមជាមួយនឹងការអនុវត្តនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសពិតប្រាកដ ប្រសិនបើកងកម្លាំងកាន់កាប់នេះ ប្រកាសយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបែបនេះ»។

ជំហររបស់ក្រុមហាម៉ាស បង្ហាញពីការផ្លាស់ប្តូរអាកប្បកិរិយាពីក្រុមនេះ ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រអ៊ីស្រាអែល និងរារាំងកិច្ចប្រឹងប្រែងដើម្បីសម្រេចបាន បទឈប់បាញ់។
មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ក្រុមហាម៉ាសមើលឃើញពីជំហររបស់លោក បៃដិន ឥឡូវនេះ ផ្តោតលើការគាបសង្កត់អ៊ីស្រាអែលឲ្យត្រឡប់ទៅការចរចាជាមួយនឹងអាកប្បកិរិយាខុសគ្នា ឬពួកគេ (អ៊ីស្រាអែល) អាចប្រថុយនឹងការប៉ះទង្គិចជាមួយជនជាតិអាមេរិក»។