
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូ បានគាំទ្រការបដិសេធរបស់ចិនក្នុងការចូលរួម កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វ៊ីស នៅខែក្រោយ ព្រោះវាគ្មានប្រយោជន៍ទេ ក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះ ដោយគ្មានការចូលរួមពីប្រទេសរុស្ស៊ីនោះ។
កិច្ចពិភាក្សា ត្រូវបានកោះប្រជុំតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊េឡិនស្គី (Zelenskiy) ដែលបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មិនគួរចូលរួម។
ប្រទេសស្វ៊ីស មិនបានអញ្ជើញរុស្សី ដែលបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេស ដែលទីក្រុងគីវ និងលោកខាងលិចពណ៌នាថា ជាសង្រ្គាមដណ្តើមកាន់កាប់ដោយខុសច្បាប់។
ប្រភពចំនួន៤ ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាប្រទេសចិន បានអះអាងថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នៅប្រទេសស្វ៊ីសនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តរបស់ប្រទេសចិន បង្ហាញថា ទីក្រុងប៉េកាំងយល់ថា ការរៀបព្រឹត្តិការណ៍បែបនេះ ដោយគ្មានប្រទេសរុស្ស៊ី នឹងគ្មានន័យទេ។
លោក Peskov បាននិយាយថា៖«ប្រទេសចិន បាននិយាយតាំងពីដើមដំបូងអំពីភាពឥតប្រយោជន៍ទាំងស្រុងនៃការរៀបចំកិច្ចប្រជុំបែបនេះ ដោយគ្មានការចូលរួមពីរុស្ស៊ីនោះ»។