
ប្រធានគណៈកម្មាធិការការពារជាតិ ក្នុងសភាអាល្លឺម៉ង់ លោកស្រី Marie-Agnes Strack-Zimmermann បានអំពាវនាវឲ្យជ្រើសរើសទាហានបម្រុងជនជាតិអាល្លឺម៉ង់ចំនួន ៩០០.000 នាក់ ដោយមើលឃើញពីជំហរចូលចិត្តសង្គ្រាមរបស់រុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin)។
លោកស្រី Strack-Zimmermann មកពីគណបក្សសេរីប្រជាធិបតេយ្យ (FDP) ដែលជាដៃគូថ្មីនៅក្នុង រដ្ឋាភិបាលចម្រុះរបស់ប្រទេសអាល្លឺម៉ង់ បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke នៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយ នៅថ្ងៃសៅរ៍នេះថា ៖«លោក ពូទីន កំពុងបណ្តុះបណ្តាលប្រជាជនរបស់ខ្លួនសម្រាប់ធ្វើសង្រ្គាម ហើយដាក់ពួកគេឲ្យប្រឆាំងនឹងលោកខាងលិច»។

អ្នកជំនាញការពារជាតិរូបនេះ បាននិយាយថា ឧស្សាហកម្មរុស្ស៊ី កំពុងផ្តោតលើការផលិតអាវុធ។ លោកស្រី បានបន្ថែមថា៖«សៀវភៅជាច្រើន ត្រូវបានបោះពុម្ពផ្សព្វផ្សាយ ដោយបានបង្ហាញថា ប្រទេសអាល្លឺម៉ង់ជា រដ្ឋឈ្លានពាន។ កុមារមានអាយុកម្រិតបឋមសិក្សា ត្រូវបានបណ្តុះបណ្តាលឲ្យប្រើអាវុធ។ ទាំងអស់នេះ គឺជារឿងគួរឲ្យភ័យខ្លាច។
លោកស្រី Strack-Zimmermann បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាល្លឺម៉ង់ ឲ្យ «ធ្វើការហ្វឹកហ្វឺនដល់ទាហានបម្រុងប្រហែល ៩០០.000នាក់ ដែលយើងមានរួចហើយនោះ។