ចំបាប់៖ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអនុញ្ញាតឲ្យលោក Caesy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាជួបសម្តែងការគួរសម និងបង្ហាញនូវវត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជាថ្មីគឺលោក Komeil Ghasemi ដែលជាគ្រូបង្វឹកជនជាតិអ៊ីរ៉ង់ និងជាអតីតម្ចាស់មេដាយមាសកីឡាអូឡាំពិក។
ជំនួបសំណេះសំណាលនេះបានធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ សហព័ន្ធកីឡាចំបាប់កម្ពុជាបានប្រកាសលោក Komeil Ghasemi ជាគ្រូបង្វឹកជម្រើសជាតិចំបាប់កម្ពុជាក្រោមកិច្ចសន្យារយៈពេល ១ឆ្នាំតាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិ CAMSOC បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្មីៗ។ ក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជន និងកីឡា និងក្នុងនាមអគ្គលេខាធិការរងគណៈកម្មការជាតិ CAMSOC ឯកឧត្តម អ៊ុក សិទ្ធជាតិ បានថ្លែងអំណរគុណដល់លោកគ្រូបង្វឹក Komeil Ghasemi ដែលបានមកដឹកនាំបង្វឹកដល់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាឆ្នាំ២០២២ ពិសេសត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រលើកដំបូង។
គួរដឹងថា មុនវិវត្តន៍ខ្លួនជាគ្រូបង្វឹកលោក Komeil Ghasemi គឺជាអតីតកីឡាករឆ្នើមអ៊ីរ៉ង់ដោយធ្លាប់ឈ្នះមេដាយមាសអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២ លើប្រភេទទម្ងន់ ១២០គីឡូក្រាម និងឈ្នះមេដាយប្រាក់អូឡាំពិកទីក្រុងរីយ៉ូឆ្នាំ២០១៦ លើប្រភេទទម្ងន់ ១២៥គីឡូក្រាម។ លើសពីនេះ លោកក៏ធ្លាប់ឈ្នះមេដាយប្រាក់ពិភពលោកកាលពីឆ្នាំ២០១៤ និងឈ្នះមេដាយមាសជើងឯកទ្វីបអាស៊ីឆ្នាំ២០១៤ រួមទាំងឈ្នះមេដាយប្រាក់ជើងឯកទ្វីបអាស៊ី ២សម័យកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៥ ទៀតផង៕
អត្ថបទ៖ លី ឈុនឡា