
ការស្ទង់មតិដំបូង ដែលបានចុះចេញផ្សាយដោយទូរទស្សន៍ NDTV បានព្យាករណ៍ថា លោកនាយករដ្ឋមន្រ្តី Narendra Modi នឹងឈ្នះការបោះឆ្នោតសកលឥណ្ឌា សម្រាប់អាណត្តិទី ៣ជាប់ៗគ្នារបស់លោក ។
ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌា ដែលជាការបោះឆ្នោតធំជាងគេបំផុតនៅលើពិភពលោក បានឈានចូលដល់ដំណាក់កាលចុងក្រោយកាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងពេលដែលរលកកម្ដៅកំពុងវាយលុកនៅតាមតំបន់ជាច្រើនទូទាំងប្រទេស ខណៈនាយករដ្ឋមន្ត្រីលោក Modi និងគូប្រជែងរបស់លោក គឺលោក Rahul Gandhi សុទ្ធតែបាននិយាយរៀងខ្លួនៗថានឹងឈ្នះក្នុងការបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតសកលឥណ្ឌា ចែកចេញជា ៧ដំណាក់កាល ដោយមានប្រជាជនជិត ១ពាន់លាននាក់មានសិទ្ធិបោះឆ្នោត ។
យោងតាមការអះអាងរបស់ក្រុមមន្ត្រីបោះឆ្នោតឥណ្ឌា បានឲ្យដឹងថា មានប្រជាជនច្រើនជាង ១០០លាននាក់ បានចុះឈ្មោះបោះឆ្នោតនៅក្នុងដំណាក់កាលចុងក្រោយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ៕