
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា ពុំអាចមានកិច្ចព្រមព្រៀងអចិន្រ្តៃយ៍នៅតំបន់ហ្កាហ្សាស្រ្ទីបនោះទេ រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ទេសអស់ ជាហេតុធ្វើឲ្យមានមន្ទិលសង្ស័យដល់សំណើរបទឈប់បាញ់ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និយាយថា អ៊ីស្រាអែលខ្លួនឯងត្រូវតែបង្កើតបទឈប់បាញ់នេះឡើង ។
លោក Biden និយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល បានស្នើសុំកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង ជាមួយនឹងការដកទ័ពអ៊ីស្រាអែលដោយផ្នែក ហើយនិងដោះលែងចំណាប់ខ្មាំងមួយចំនួន ស្របពេលដែលភាគីទាំង ២ បានចរចាលើការបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍ ។
ដោយឡែក ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រ ថា ខ្លួនមានទស្សនៈវិជ្ជមានចំពោះខ្លឹមសារនៃសំណើបទឈប់បាញ់ ៣ដំណាក់កាល ដែលបានប្រកាសដោយលោក Biden សម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៦.២២៤នាក់ ត្រូវបានស្លាប់ និង ៨១.៧៧៧នាក់ បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ៕