ភ្នំពេញ÷ នាពេលខាងមុខនេះ ពិព័រណ៍មិនអចិន្ត្រៃយ៍នៃ សម្ភារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងរៀបចំឡើងនៅក្នុងបរិវេណអគារសិក្សា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ។ ពិព័រណ៍នេះ នឹងមានការដាក់បង្ហាញឧបករណ៍វិទ្យាសាស្ត្រ ចំនួន ៦៥ មុខ ដែលអនុញ្ញាតឱ្យសិស្សនិស្សិត ក៏ដូចជាសាធារណជនចូលទស្សនា និងអាចសិក្សាពីបាតុភូតនៃឧបករណ៍វិទ្យាសាស្ត្រទាំងនោះដោយផ្ទាល់។
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានអនុញ្ញាត ដល់មជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថល និងការសិក្សាពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់ឧបករណ៍ វិទ្យាសាស្ត្រ ដើម្បីរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍នៃ សម្ភារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឧបករណ៍វិទ្យាសាស្ត្រ ដែលនឹងដាក់បង្ហាញ គឺមានចំនួន ៦៥ មុខ។
ពិព័រណ៍ខាងលើនេះនឹងបើកដំណើរការ ឱ្យសិស្សានុសិស្សអាចយល់ដឹងអំពីបាតុភូតវិទ្យាសាស្ត្រ បានកាន់តែស៊ីជម្រៅតាមរយៈការលេង និងអនុវត្តផ្ទាល់ជាមួយឧបករណ៍ វិទ្យាសាស្ត្រទាំង ៦៥ មុខ។ ពិព័រណ៍នេះ អាចជួយឱ្យសិស្សានុសិស្សមានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត។ សិស្សានុសិស្សទាំងអស់អាចចូលរួមទស្សនា និងទទួលយក បទពិសោធន៍ដោយផ្ទាល់ជាមួយ ពិព័ណ៌មិនអចិន្ត្រៃយ៍នៃសម្ភារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅ នៅក្នុងបរិវេណសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ដោយឥតគិតថ្លៃ។
ការរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍នៃសម្ភារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺមានការចូលរួមចំណែកពី÷
1. មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ មានតួនាទីក្នុងការសម្របសម្រួល ទូទៅ នៃសារមន្ទីរវិទ្យាសាស្ត្រ និងពិព័រណ៍មិនអចិន្ត្រៃយ៍សម្ភារវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ។
2. សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ មានភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សាឧបករណ៍ វិទ្យាសាស្ត្រ រៀបចំកម្មវិធីដែលនឹងប្រព្រឹត្តទៅនាក្នុង ពិព័ណ៌ និងរៀបចំមគ្គុទ្ទេសក៍សម្រាប់ណែនាំអំពី ដំណើរការ បាតុភូត ក៏ដូចជាការពិសោធន៍នៃ ឧបករណ៍វិទ្យាសាស្ត្រសម្រាប់សិស្សានុសិស្ស និង សាធារណជនដែលនឹងចូលមកទស្សនា។
3. មន្ទីរអប់រំ យុវជន និងកីឡា មានតួនាទីក្នុងការសម្របសម្រួល និងចូលរួមជួយផ្សព្វផ្សាយអំពីពិព័រណ៍មិនអចិន្ត្រៃយ៍ដើម្បីឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសបានស្គាល់ និងជ្រាបជា ព័ត៌មាន។








