
ពលរដ្ឋរស់នៅក្នុងទីក្រុងកំពង់ផែការ៉ាឈី ប្រទេសប៉ាគីស្ថាន បានធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ស្របពេលដែលរលកកម្តៅកំពុងយាយីប្រទេសមួយនេះ និងប្រទេសជិតខាងឥណ្ឌា ។
យោងតាមការអះអាងរបស់របស់ប្រធានឧតុនិយមប៉ាគីស្ថាន លោក Sardar Sarfaraz បានឲ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ ៣៨អង្សាសេ ។
ដោយឡែក តំបន់ជាច្រើននៅក្នុងរដ្ឋធានីដែល្លី ប្រទេសឥណ្ឌា បានប្រឈមវិបត្តិទឹកធ្ងន់ធ្ងរ ដោយសារអាកាសធាតុក្តៅខ្លាំង ។ ប្រជាពលរដ្ឋរស់នៅក្នុងជំរំ Vivekanand ស្ថិតនៅកណ្តាលរដ្ឋធានីញូវ ដែល្លី ប្រទេសឥណ្ឌា បានឈររង់ចាំតាមដងផ្លូវ ដោយមានធុងទឹកនៅជាមួយ ក្រោមកម្តៅព្រះអាទិត្យដ៏ក្តៅខ្លាំង ។
ពលរដ្ឋរស់នៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ប្រឈមនឹងកង្វះខាតទឹកធ្ងន់ធ្ងរ ដែលរដ្ឋាភិបាល ដាក់ការស្តីបន្ទោសលើនីវ៉ូទឹកទាបក្នុងទន្លេ Yamuna ដែលជាប្រភពទឹកដ៏សំខាន់របស់រដ្ឋធានីដែល្លី ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងតំបន់អាស៊ី ក្នុងរយៈពេល ១ខែកន្លងមកនេះ បានកាន់តែអាក្រក់ទៅដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕