
លោក Yahya Saree គឺជាអ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមហ៊ូទីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់លោក បានចុះប្រតិបត្តិការយោធាចំនួន ៦លើក ដោយមានគោលដៅរបស់នាវាដឹកយន្តហោះ ១គ្រឿង នាវាចម្បាំង ១គ្រឿង និងនាវា ៣គ្រឿងរបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា ។
គួរឲ្យដឹងថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន ៦លើក ទៅលើរដ្ឋធានី Sanaa កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន និងសម្របខ្លួនតាមអ៊ីរ៉ង់ បានវាយប្រហារនាវានៅជិតតំបន់ឆ្នេររបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ដោយពួកគេនិយាយថា ការវាយប្រហារបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីនដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ។
កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមឧទ្ទាមហ៊ូទីដែលគ្រប់គ្រងទីក្រុង Sanaa បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ដែលដាក់គោលដៅលើនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ។
ជាការឆ្លើយតបនឹងទង្វើបែបនេះ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក និងអង់គ្លេស ដែលមានមូលដ្ឋាននៅលើដែនទឹកនោះ បានវាយឆ្មក់តាមអាកាស និងបានវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូ ចាប់តាំងពីខែកុម្ភៈរហូតមក ៕