
ភ្នំពេញ៖ ប្រកាសបិទបញ្ចប់ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ ទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងសាមគ្គីភាព, នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងពិធីប្រកាសបិទនេះ លោក Jacques GUICHANDUT ស្ថាបនិក និងនាយកគ្រប់គ្រងនៃAll Dream Cambodia បានអញ្ជើញឡើងលើវេទិកា ដើម្បីថ្លែងអំណរគុណ និងជូនបាច់ផ្កា ដល់ឯកឧត្តមបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រុមរបាំនៃនាយកដ្ឋានទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រុមចម្រៀងជាពួកកម្ពុជានៃសាលាមធ្យមវិចិត្រសិល្បៈ ។
លោក Jacques Guichandut ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia ឡើងសំដែងចំណាប់អារម្មណ៍អំពីការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន និងវិស័យអំណាន ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចេរភាព។
អ្នកស្រី Catherine Germier-Hamel មកពីស្ថាប័ន Destination Mekong ក៏បានអញ្ជើញឡើងធ្វើបទបង្ហាញដោយបានគូសបញ្ជាក់ថា យើងទាំងអស់គ្នា មានកាតព្វកិច្ចចូលរួមចំណែកជាវិជ្ជមានដើម្បីរក្សាការពារបរិស្ថាន យើងមិនអាចបញ្ចៀសផលប៉ះពាល់ជាអវិជ្ជមានបានទាំងស្រុង តែយើងគ្រប់គ្នាអាចរួមគ្នាដើម្បីកាត់បន្ថយផលអវិជ្ជមានលើបរិស្ថាន។
ក្រុមហ៊ុន All Dreams Cambodia បានគណនាចំនួនឧស្ម័នកាបូនិច ដែលគ្រប់សកម្មភាពនៃកម្មវិធីនេះទាំងមូលបានបញ្ចេញ ដែលមានចំនួនឧស្ម័នកាបូនិច សរុប ១៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៣២០០ដុល្លារអាមេរិក ហើយក្រុមហ៊ុន All Dreams Cambodia នឹងប្រគល់ជូនទឹកប្រាក់នេះដល់គម្រោងកែវសីមានៃក្រសួងបរិស្ថាន ។ ក្រៅពីនេះ ស្របតាមចំនួនអ្នកចូលរួមនៃកម្មវិធីប្រកួតចម្រៀងជាពួកនេះដែរ ក្រុមហ៊ុន All Dreams Cambodia ក៏បានជូនកញ្ចប់ថវិកាចំនួន ៤៣៨ ដុល្លារអាមេរិក (២ ដុល្លារអាមេរិកក្នុងអ្នកចូលរួមមួយនាក់ x ២១៩ នាក់) ដល់អង្គការទឹកស្អាត ១០០១ ក្នុងគម្រោងទឹកស្អាតដល់សិស្សសាលាក្នុងសហគមន៍រយៈពេលមួយឆ្នាំ ព្រមទាំងជូនកញ្ចប់ថវិកាចំនួន ៦៥៧ ដុល្លារអាមេរិក (៣ ដុល្លារអាមេរិកក្នុងអ្នកចូលរួមមួយនាក់ x ២១៩ នាក់) ដល់អង្គការស៊ីប៉ា ដើម្បីចូលរួមចំណែកក្នុងគម្រោងបណ្ណាល័យទូក ។
បន្ទាប់មក ក៏មានការប្រកាសផ្តល់វិញ្ញាបនបត្រដល់ក្រុមចម្រៀងជាពួកអន្តរជាតិ ដែលមកពីបណ្តាប្រទេសនានា រួមមានព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ។ គ្រប់ក្រុមចម្រៀងជាពួកដែលពោរពេញទៅដោយសមត្ថភាព សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ ហើយទទួលបានរង្វាន់តាមភាពល្អវិសេសរបស់ខ្លួនរាងៗខ្លួន ហើយក្រុមដែលឈ្នះដាច់គេនៅក្នុងកម្មវិធីនេះ គឺក្រុម Gita Suara Choir ISBI Bandung ដែលមកពីប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានវិញ្ញាបនប័ត្រ ពានរង្វាន់ថវិកាចំនួន ១ពាន់ដុល្លារអាមេរិក និងរង្វាន់អនុស្សាវរីយ៍ ។
កម្មវិធីនេះ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ភាតរភាព និងសាមគ្គីភាព។ គ្រប់គ្នាពោរពេញដោយស្នាមញញឹម ហើយសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងកើតឡើងជាថ្មី និងបន្តបន្ទាប់ទៀត នៅរាជធានីភ្នំពេញរបស់យើង។ សូមរំលឹកផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ស្ថាប័ន INTERKULTUR និងក្រុមហ៊ុន ALL DREAMS CAMBODIA ដោយមានគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងសាលា រាជធានីភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងផ្សារទំនើបអ៊ីអន១ ៕ អត្ថបទ៖ រដ្ឋា








