
ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបទ្វេភាគីនៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី១ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក អឹង អេងហេន ( Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានសន្យាធ្វើការរួមគ្នា ដើម្បីសន្តិភាពនៅក្នុងតំបន់អាស៊ាន ខណៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសឹង្ហបុរីទាំងផ្នែកស៊ីវិល និងយោធាកាន់តែរីកច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក អឹង អេងហេន បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកប្រទេសទាំងពីរ ដោយទៅថ្ងៃខាងមុខកម្ពុជា និងសិង្ហបុរីនឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា ជាមួយនឹងកងទ័ពជើងទឹកបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ លោកអឹង អេងហេន បានសង្កត់ធ្ងន់ថា«យើងនឹងធ្វើការរួមគ្នា ដើម្បីសន្តិភាពក្នុងតំបន់អាស៊ានរបស់យើង»។ នៅក្នុងជំនួបទ្វេភាគីនោះដែរប្រមុខការពាររបស់សឹង្ហបុរី ក៏បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ និងថែមទាំងបានថ្លែងសន្ទរកថាដ៏ល្អនៅក្នុងកិច្ចសន្ទនានោះដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះប្រទេស សឹង្ហបុរី ដែលបានជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់កងទ័ព និងមន្រ្តីកម្ពុជានាពេលកន្លងមក ខណៈការបណ្តុះបណ្តាលនេះ បានជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ទំនងទំនាក់ទំនងកិច្ចសហការរវាងប្រទេសទាំងពីរទាំងស៊ីវិល និងកងទ័ព(កម្ពុជា សឹង្ហបុរី)។ នាយឧត្តមសេនីយ៍បានបន្ថែមថា ប្រទេសសឹង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានបានយ៉ាងល្អប្រសើរ ហើយកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅសឹង្ហបុរី។មួយវិញទៀតចូលមកដល់ឆ្នាំ២០២៤នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក កម្ពុជា និងសឹង្ហបុរីនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ស្របពេលដែលកម្ពុជាបានបំពេញជំនាញលើវិស័យកងទ័ពជើងទឹករបស់ខ្លួនជាបន្តបន្ទាប់នោះ៕ អត្ថបទ៖ បាន ចក់




