
ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកមានបំណងចង់បញ្ជូនកងទ័ពរក្សាសន្តិភាពទៅពង្រឹងបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប បើសិនជាពួកគេត្រូវការ ។
ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La Dialogue ដែលជាកិច្ចប្រជុំការពារជាតិធំបំផុតរបស់អាស៊ីរៀបចំឡើងនៅប្រទេសសិង្ហបុរីនោះ លោក Prabowo បាននិយាយថា សំណើរ ៣ដំណាក់កាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គឺជាជំហានមួយឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ ។
លោក Prabowo និយាយថា ការស៊ើបអង្កេតទូលំទូលាយលើគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា គឺត្រូវការជាចាំបាច់ ។
ខណៈពេលនោះដែរ ក្រុមហាម៉ាស់ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការដោះស្រាយជាវិជ្ជមាន និងក្នុងលក្ខណៈស្ថាបនាជាមួយនឹងសំណើណាមួយ ដែលផ្អែកលើបទឈប់បាញ់អចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ការកសាងឡើងវិញនៃតំបន់ហ្កាហ្សា និងការវិលត្រឡប់មកវិញនៃអ្នកផ្លាស់ទីលំនៅ ទៅកាន់កន្លែងរបស់ពួកគេ រួមជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង ប្រសិនបើកងកម្លាំងអ៊ីស្រាអែល ប្រកាសយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ៕