
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាស្តីពី រសជាតិកសិផលខ្មែរ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងមានការចូលរួមពីតំណាងចុងភៅតុការ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់កសិផលនៅកម្ពុជា។
នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងនូវគោលដៅ ពីការជំរុញលើកទឹកចិត្តប្រើប្រាស់កសិផលក្នុងស្រុក ក្នុងការកែច្នៃម្ហូបការ អាហារដ្ឋានផ្សេងៗ តាមប្រសាសន៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ជីវភាពកសិករ និងភាគីពាក់ព័ន្ធ ទាំងអ្នកផលិត អាជីវករ និងសហគ្រិន។ ឯកឧត្តម បានបន្ថែមថា ជាយន្តការគឺត្រូវបង្កើននូវទំនុកចិត្ត ផ្តោតជាសំខាន់លើគុណភាព អនាម័យ រសជាតិឆ្ងាញ់ និងការកែច្នៃឱ្យបានទូលំទូលាយ ដោយប្រើឱ្យអស់លទ្ធភាពនៃវត្ថុធាតុដើមខ្មែរ ជាពិសេសត្រូវរក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងតម្លៃ ដោយត្រូវមានផែនការវិនិយោគច្បាស់លាស់ ដើម្បីធ្វើឱ្យមាននិរន្តរភាពតុល្យភាពតម្រូវការនិងការផ្គត់ផ្គង់ មានទីផ្សារ តម្លៃល្អ ផ្តល់ចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
សម្រាប់វេទិការខាងលើនេះ លោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅ សេង ហុកហេង ខាងផ្នែកបម្រើសេវាកម្មម្ហូបអាហារ និងចុងភៅ បានលើកឡើងថា គឺជារឿងល្អដើម្បីគាំទ្រកសិផលក្នុងស្រុក ល្អត្រង់ថា ជាចំណុចចាប់ផ្តើមនៃការជួបគ្នារវាងអ្នកផលិត អ្នកផ្គត់ផ្គង់ ប្រតិបត្តិករ ដើម្បីជួបជជែកគ្នាពីចង្វាក់ផលិតកម្ម ពីតម្រូវការ និងតម្រូវការផ្សេងៗ ដើម្បីបានស្វែងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាអាចគិតបាននូវអ្វីមួយដើម្បីបង្កើនការប្រើប្រាស់ផលិតផលកសិផលក្នុងស្រុកបន្ថែមទៀត។
លោក ឡោ ងី នាយកប្រតិបត្តិក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូត អេន វេជីថេប៊ល ឯ.ក (Tropicam Fruit and Vegetables) ដែលផ្គត់ផ្គង់ និងចែកចាយបន្លែ និងផ្លែឈើសុវត្ថិភាព បានលើកឡើងស្រដៀងគ្នាថា នេះជាចំណុចចាប់ផ្តើមថ្មី ដែលមកដល់ម៉ោងនេះ ត្រូវតែទាមទារឲ្យធ្វើការរួមគ្នា រវាងអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ ដោយត្រូវរួមដៃគ្នា ធ្វើម៉េចឲ្យចរន្តសេដ្ឋកិច្ចវិលនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលមិនត្រូវឲ្យហូរចេញទៅកាន់ប្រទេសជិតខាងដូចមុននោះទេ ដើម្បីជំរុញឲ្យផលិតផលកសិកម្មក្នុងស្រុកកាន់តែមានទីផ្សារឲ្យបានច្រើនជាងមុន។
សូមបញ្ជាក់ថា នៅក្នុងវេទិកាពិភាក្សាស្តីពី រសជាតិកសិផលខ្មែរមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ដើម្បីសម្រេចការងារខាងលើនេះ ត្រូវដាក់ចិត្តធ្វើជាមួយគ្នា ចាប់ផ្តើមជំហានជាមួយគ្នា គឺត្រូវចាប់ផ្តើមទាំងអស់គ្នានូវផ្នត់គំនិតថ្មីសម្រាប់កសិផលវត្ថុធាតុដើមខ្មែរ ដោយត្រូវបង្កើតមាត្រដ្ឋានមួយឱ្យវិនិយោគទៅចំណេញ និងចំទិសដៅ ក៏ដូចជាតម្រូវការទាំងមូល។ ជាពិសេសបន្ស៊ីគ្នា រវាងអ្នកផលិត អ្នកបរិភោគ ដោយមុខម្ហូបជាប្រភេទខ្មែរមានលក្ខណៈ Premium និងមុខម្ហូបតំណាងប្រកបដោយភាពថ្លៃថ្នូរ និងអត្ថន័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី









