
សៀមរាប៖ ក្នុងឱកាសបើកយុទ្ធនាការ១ម៉ុនរៀល ១ម៉ឺននាក់ នៅព្រឹកថ្ងៃទី២ ខែ មិថុនា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងក្រុមការងារបានរៀបចំពិធី សមាធិ និងវនយាត្រា ក្នុងបរិវេណអង្គរតូចជាលើកទី១ ដើម្បីកៀរគរកថវិការជួយដល់កុមារកម្ពុជាដោយមានអ្នកចូលរួមប្រមាណជាង៧០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ធិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា ការធ្វើសមាធិ និងវនយាត្រានាពេលនេះ គឺដើម្បីអោយមានសុខភាពល្អ មានអារម្មណ៍ស្រស់ថ្លាពេលព្រឹកព្រលឹម ម្យ៉ាងទៀតចូលរួមអបអរនៃយុទ្ធនាការរ៉ៃអង្គាសថវិកាជួយដល់មូលនីធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
លោកជំទាវអោយដឹងថា ការធ្វើសមាធិ យូហ្គា និងវនយាត្រាពិតជាមានសារសំខាន់ណាស់ សម្រាប់សុខភាព និងសន្តិភាពផ្លូវចិត្ត និងបានស្វែងយល់ពីប្រវត្តិខ្លះៗនៃកសាងប្រាសាទអង្គវត្តដែលជាកេរតំណែលបុព្វបុរសខ្មែរយើងរាប់ពាន់ឆ្នាំមកហើយ។
លោកជំទាវបន្តថា ការធ្វើវិបសនា នៅក្នុងប្រាសាទអង្គរវត្តដែលជាទីគោរពសក្ការបូជារបស់ប្រជាជនខ្មែរយើងនេះ គឺម្យ៉ាងសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងម្យ៉ាងទៀតសុំអោយកុមារកម្ពុជា ចៀសផុតពីជម្ងឺផ្សេងៗ។
សូមបញ្ជាក់បន្ទាប់ពីសមាធិ និងយូហ្គារួចលោកជំទាវបានដឹកនាំក្រុមការដើរក្រមភាវនាដោយអារម្មណ៍ស្ងប់ស្ងាត់នៅប៉ែកខាងកើតប្រាសាទអង្គរតូចចម្ងាយជាង៧រយម៉ែត្រ រួចបន្តដំណើរដោយរថយន្តពីក្លោងទ្វារអង្គតូចខាងកើត ទៅកាន់សួនរុក្ខជាតិអង្គរ (១,៤ គីឡូម៉ែត) ដល់ទីតាំងច្រកចូលសួនរុក្ខជាតិអង្គរ បន្ទាប់មកចាប់ផ្តើមដើរថ្មើរជើងក្នុងសួនរុក្ខជាតិអង្គរ (ចម្ងាយ ២,៣ គីឡូម៉ែត) ទៀត
ដើម្បីទស្សនាព្រៃប្រឹក្សានិងជីវៈចម្រុះនៅទីនោះ។
លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា និងសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការដើម្បីកុមារកម្ពុជា៕












