
ក្រុមអ្នកសម្រុះសម្រួលជម្លោះនៅតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (០១ មិថុនា) បានជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស បញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ ដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលពួកគេបាននិយាយថា នឹងនាំមកនូវការសម្រាលបន្ទុកជាបន្ទាន់ដល់ប្រជាជននៅតំបន់ហ្កាហ្សា និងដល់ចំណាប់ថ្នូរ និងក្រុមគ្រួសាររបស់ពួកគេ។
អ៊ីស្រាអែល បាននិយាយថា នឹងមិនមានការបញ្ចប់សង្រ្គាមជាផ្លូវការនោះទេ ដរាបណាក្រុមហាម៉ាស នៅតែរក្សាអំណាចរបស់ខ្លួន ដោយនេះចោទជាសំណួរអំពីពេលវេលា និងការបកស្រាយជុំវិញសំណើបទឈប់បាញ់ ដែលត្រូវបានស្វាគមន៍ជាបណ្តោះអាសន្នដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។
លោក បៃដិន កាលពីថ្ងៃសុក្រ បានដាក់ចេញនូវអ្វីដែលលោកបាននិយាយថាជាសំណើបីដំណាក់កាល របស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ខណៈដែល «ការបញ្ចប់អរិភាព» នឹងត្រូវបានចរចាតាមរយៈអ្នកសម្របសម្រួលបន្តទៀត។
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម «ជាវិជ្ជមាន និងក្នុងលក្ខណៈស្ថាបនា» ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់ក្រុមនេះបាននិយាយថា ខ្លួនមិនទាន់ទទួលបានព័ត៌មានលម្អិតនៃសំណើនោះទេ។
អ៊ីស្រាអែល មានឆន្ទៈត្រឹមតែផ្អាកសង្គ្រាមជាការដោះដូរនឹងចំណាប់ថ្នូរប៉ុណ្ណោះ ដោយនិយាយថា ខ្លួននឹងបន្តយុទ្ធនាការដើម្បីលុបបំបាត់ការគំរាមកំហែងរបស់ក្រុមហាម៉ាសបន្តទៀត ខណៈក្រុមសកម្មប្រយុទ្ធមួយនេះចង់ឱ្យមានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ជាក់អំពីវិធានការជាក់ស្តែងរបស់អ៊ីស្រាអែល ក្នុងការបញ្ចប់សង្រ្គាម ដូចជាការដកទ័ពទាំងស្រុងជាដើម៕