
អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃសៅរ៍ (០១ មិថុនា) ថា កិច្ចពិភាក្សាដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងជាសកលមួយអំពីមធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកាន់តែល្អប្រសើរ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥ ឬមុននោះទៅទៀត ប្រសិនបើអាចធ្វើទៅបាន។
បណ្ដាប្រទេសសមាជិកចំនួន ១៩៤ របស់អង្គការសុខភាពពិភពលោក បានធ្វើការចរចាអស់រយៈពេលពីរឆ្នាំមកហើយលើកិច្ចព្រមព្រៀងមួយដែលអាចបង្កើនកិច្ចសហប្រតិបត្តិការមុន និងអំឡុងពេលជំងឺរាតត្បាតបន្ទាប់ពីការទទួលស្គាល់ភាពបរាជ័យក្នុងអំឡុងពេលជំងឺកូវីដ១៩។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ មានគោលបំណងដំបូងសម្រាប់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ ប៉ុន្តែកិច្ចពិភាក្សាត្រូវបានពន្យារពេល ស្របពេលមានការខ្វែងគំនិតយ៉ាងស៊ីជម្រៅរវាងបណ្ដាប្រទេសអ្នកមាន និងប្រទេសក្រីក្រលើបញ្ហាដូចជាការចែករំលែកវ៉ាក់សាំង និងការត្រៀមលក្ខណៈជាដើម។
ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសនានាបានឈានដល់កិច្ចព្រមព្រៀងស្របគ្នាមួយដើម្បីធ្វើបច្ចុប្បន្នភាពច្បាប់សុខភាព ដែលមានភ្ជាប់ច្បាប់មានស្រាប់ និងដែលត្រូវបានគេស្គាល់ថាជាបទប្បញ្ញត្តិសុខភាពអន្តរជាតិ (IHR) ដែលរួមមានប្រភេទថ្មីនៃ «ភាពអាសន្នរោគរាតត្បាត» សម្រាប់វិបត្តិសុខភាពដ៏សំខាន់បំផុត និងគំរាមកំហែងជាសកល។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការផ្លាស់ប្តូរច្បាប់សុខភាពពិភពលោកថ្មីនេះ គឺសំដៅបង្កើនការការពាររបស់ពិភពលោកប្រឆាំងនឹងមេរោគថ្មីនាពេលអនាគត បន្ទាប់ពីជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ៧ លាននាក់ទូទាំងពិភពលោក៕