មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត បាននិយាយកាលពីថ្ងៃអាទិត្យ២ មិថុនា ថា បុគ្គលិកបោះឆ្នោតឥណ្ឌាយ៉ាងហោចណាស់ ៣៣ នាក់បានស្លាប់នៅថ្ងៃចុងក្រោយនៃការបោះឆ្នោតដោយសារសីតុណ្ហភាពក្ដៅខ្លាំងពេកឬហៅថាជំងឺសុរិយរោគ នៅក្នុងរដ្ឋតែមួយប៉ុណ្ណោះ ក្រោយតុណ្ហភាពក្តៅខ្លាំងទូទាំងប្រទេស។

ស្របពេលមានរបាយការណ៍នៃការស្លាប់ជាច្រើននាក់ដោយសាររលកកម្ដៅខ្លាំង ទន្ទឹមនឹងសីតុណ្ហភាពបានហក់ឡើងលើសពី ៤៥ អង្សាសេនៅកន្លែងជាច្រើន បុគ្គលិករៀបចំការបោះឆ្នោតរាប់សិបនាក់ បានស្លាប់ក្នុងពេលតែមួយថ្ងៃ ។
ក្រសួងឧតុនិយមឥណ្ឌា (IMD) បាននិយាយថា សីតុណ្ហភាពនៅទីក្រុង ហានីស(Jhansi) របស់រដ្ឋ ឧតាប្រទេស (Uttar Pradesh) ឡើងដល់៤៦,៩ អង្សាសេ។
ចំណែកនៅក្នុងស្រុកមួយនៃរដ្ឋធានី New Delhi ឯណោះវិញ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាជុំវិញ ស៊ីទែនដឹកទឹកមួយកាលពីថ្ងៃអាទិត្យ ២ មិថុនា ដើម្បីទទួលបានការចែកចាយទឹក ស្របពេលកង្វះ ទឹកប្រើប្រាស់នៅតែបន្ត រលកកម្ដៅនៅតែបន្តគ្របដណ្ដប់នៅទូទាំងរដ្ឋធានីរបស់ប្រទេសឥណ្ឌា។

រលកកម្ដៅដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន នៅឥណ្ឌាបានឆក់យកជីវិតមនុស្សជាង៤០នាក់ ក្នុងពេល៣៦ម៉ោង កន្លងទៅ ដែលនាំឲ្យអ្នកស្លាប់សរុបឡើងដល់៨៧នាក់។
លោក ណាវឌីប រីនវ៉ា (Navdeep Rinwa) ប្រធានមន្ត្រីរៀបចំការបោះឆ្នោតសម្រាប់រដ្ឋភាគខាងជើងមួយនេះគឺ រដ្ឋ ឧតាប្រទេស ជាទីដែលការបោះឆ្នោតក្នុងដំណាក់កាលទី៧ និងចុងក្រោយនៃការបោះឆ្នោតសកលបានបញ្ចប់កាលពីថ្ងៃសៅរ៍ បាននិយាយថា បុគ្គលិកបោះឆ្នោតចំនួន ៣៣នាក់បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងពេក។

តួលេខនោះរួមមានសន្តិសុខ និងបុគ្គលិកអនាម័យ។ លោក រីនវ៉ា បានប្រាប់អ្នកសារព័ត៌មានថា សំណងជាប្រាក់ចំនួន ១,៥ លានរូពី ឬស្មើ ១៨.០០០ ដុល្លារអាមេរិក នឹងត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសារសព៕