កូរ៉េខាងជើង៖ លោកស្រី Kim Yo Jong ជាមន្ត្រីកូរ៉េខាងជើងដ៏មានអំណាច និងជាប្អូនស្រីរបស់មេដឹកនាំលោក Kim Jong Un បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំង សម្រាប់ការបន្តធ្វើសមយុទ្ធយោធារួមដែលគ្រោងនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាដំបូងនៅថ្ងៃអង្គារនេះ បើទោះបីជាកូរ៉េខាងជើងបានព្រមានថា សមយុទ្ធនេះនឹងធ្វើឲ្យដើរថយក្រោយ លើការវិវត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។ លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធនេះគឺជាសកម្មភាពបំផ្លាញខ្លួនឯង និងគ្មានការស្វាគមន៍ ដែលគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើង និងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។
លោកស្រីបាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងប្រឈមនឹងការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរ ដោយសារតែការមិនអើពើនឹងការព្រមានម្តងហើយម្តងទៀត របស់យើងចំពោះសមយុទ្ធសង្គ្រាមដ៏គ្រោះថ្នាក់នេះ៕
អត្ថបទ៖ សុខមាន