ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងដែលដឹកសំរាមឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានប្តេជ្ញាថានឹងបន្តការអនុវត្តន៍នេះទៀត ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ត្រូវបានហោះចេញម្តងទៀតពីកូរ៉េខាងត្បូង។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក គីម កាងអ៊ីល (Kim Kang Il) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលរាយការណ៍ដោយ KCNA ថា កូរ៉េខាងត្បូង មានបទពិសោធន៍ល្មមគ្រប់គ្រាន់ហើយថាតើវាជារឿងមិនសប្បាយចិត្តប៉ុណ្ណា ហើយត្រូវចំណាយពេលប៉ុន្មានដើម្បីប្រមូលសំរាម ក្រោយពីកូរ៉េខាងជើងបានបញ្ជូនសំរាម ១៥ តោនដោយប្រើបាឡុងចំនួន ៣.៥០០ គ្រឿង។

កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការ «ធ្ងន់ធ្ងរ» ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបញ្ជូនបាឡុងសំរាមឆ្លងព្រំដែន ដែលអាចរាប់បញ្ចូលទាំងការបំផ្ទុះការឃោសនាពីឧបករណ៍បំពងសម្លេងដែលតម្រង់ទៅកាន់កូរ៉េខាងជើង។

សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកស្តីពីការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងសេអ៊ូល បាននិយាយថាជាបាឡុងដឹកសំរាមជាង ៧០០ គ្រឿង ដែលទីក្រុងព្យុងយ៉ាង បានបញ្ជូនឆ្លងកាត់ព្រំដែនដើម្បីរំខានដល់អ្នកជិតខាងរបស់ខ្លួន។ ក្រុមប្រឹក្សានេះបានថ្កោលទោសបាឡុងសំរាម និងការកកស្ទះប្រព័ន្ធតាមដាន GPS ក្នុងពេលដំណាលគ្នាថាជា «ទង្វើបង្កហេតុដែលមិនសមហេតុផល»៕