ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចោទប្រកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថាបានជួយរុស្ស៊ី ក្នុងការរំខានដល់សន្និសីទសន្តិភាពដែលរៀបចំដោយប្រទេសស្វីស នាពេលខាងមុខស្តីពីសង្គ្រាមនៅអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសន្តិសុខកំពូលរបស់អាស៊ី លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសចិន កំពុងដាក់សម្ពាធប្រទេសផ្សេងទៀត និងមេដឹកនាំរបស់ពួកគេមិនឱ្យចូលរួមកិច្ចពិភាក្សានាពេលខាងមុខ។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាការពារជាតិ សាំងគ្រី-ឡា (Shangri-La) ក្នុងប្រទេសសិង្ហបុរី ថា «រុស្ស៊ី ប្រើប្រាស់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិនផងដែរឱ្យធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាព»។ លោកបន្ថែមថា «នេះជារឿងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយ ដូចជាប្រទេសចិន ព្រមធ្វើជាឧបករណ៍មួយនៅក្នុងដៃរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន»។

ប្រទេសចិន បានឈរលើអ្វីដែលខ្លួននិយាយថាជាជំហរអព្យាក្រឹតចំពោះសង្គ្រាម ដោយធ្វើឱ្យខ្លួនមានភាពតានតឹងជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុបភាគច្រើន។ ប្រទេសស្វីស បានសង្ឃឹមថាចិន នឹងចូលរួមសន្និសីទសន្តិភាពនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានផ្តល់សញ្ញាកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថាចិនមិនទំនងជាចូលរួមនោះទេ។
ប្រទេសចិនបាននឹងកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគីជម្លោះ រួមទាំងរុស្ស៊ី ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននោះ៕