មណ្ឌលបោះឆ្នោតភាគច្រើន បានបិទសម្រាប់ការបោះឆ្នោតនៅប្រទេសម៉ិកស៊ិក ដោយប្រទេសនេះ ត្រូវបានគេរំពឹងថា លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) អ្នកឆ្វេងនិយម ជាបេក្ខជនរបស់គណបក្សបក្សកាន់អំណាច ក្លាយជាប្រធានាធិបតីស្ត្រីដំបូង។

បន្ទាប់ពីមួយថ្ងៃនៃការបោះឆ្នោត ដែលត្រូវបានរំខានដោយអំពើហិង្សា និងការសម្លាប់មនុស្សពីរនាក់ នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋ Puebla ការបោះឆ្នោត បានបិទនៅទូទាំងប្រទេសម៉ិកស៊ិកនៅម៉ោង៦ល្ងាច ម៉ោងក្នុងតំបន់ ។

ការបោះឆ្នោតធំបំផុតមិនធ្លាប់មានរបស់ប្រទេសម៉ិកស៊ិក ក្លាយជាការបោះឆ្នោតមានអំពើហិង្សាបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសមួយនេះ ដោយបេក្ខជនចំនួន៣៨នាក់ ត្រូវបានសម្លាប់។ អំពើហិង្សាដ៏ឃោឃៅ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការគំរាមកំហែងនៃសង្គ្រាមប្រឆាំងក្រុមជួញដូរគ្រឿងញៀន ចំពោះលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Sheinbaum ដែលបានដឹកនាំក្នុងការបោះឆ្នោតស្ទង់មតិលើគូប្រជែងដ៏សំខាន់របស់លោកស្រី គឺលោកស្រី សូឈីត ហ្គាល់វ៉េស(Xochitl Galvez) នឹងត្រូវទទួលភារកិច្ចប្រឈមមុខទៅនឹងអំពើហឹង្សាឧក្រិដ្ឋកម្មរៀបចំទុក ប្រសិនបើលោកស្រីជាប់ឆ្នោត។
មនុស្សកាន់តែច្រើន ត្រូវបានសម្លាប់ក្នុងអំឡុងពេលអាណត្តិរបស់ប្រធានាធិបតីផុតអាណត្តិ លោក Andres Manuel Lopez Obrador ជាងអំឡុងពេលរដ្ឋបាលផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសម៉ិកស៊ិក ទោះបីជាអត្រាមនុស្សឃាតបានធ្លាក់ចុះក្នុងអាណត្តិរបស់លោកក៏ដោយ។
ជ័យជម្នះរបស់ស្ត្រីទាំងពីររូប នឹងបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់ប្រទេសម៉ិកស៊ិក។ អ្នកទទួលជ័យជម្នះ នឹងចាប់ផ្តើមអាណត្តិរយៈពេល៦ឆ្នាំ នៅថ្ងៃទី ១ ខែតុលា។
