ភ្នំពេញ៖ ក្រុមពលការិនីខ្មែរ ៦នាក់ទៀត ដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានសម្តែងការសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលដែលបានជួយយកចិត្តទុកដាក់ មើលថែទាំពួកគាត់រហូតបានត្រឡប់មកជួបជុំជាមួយសាច់ញាតិបងប្អូនវិញនៅក្នុងប្រទេសកំណើត។
ពលការិនីខ្មែរទាំង ៦នាក់នេះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុខសុវត្ថិភាព និងបានទទួលការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ទៀត។
ពលការិនី ញ៉េប សុភា បានបង្ហាញពីការសប្បាយចិត្ត ជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ជាពិសេសការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាលកកម្ពុជាចំពោះពលការិនី។
អ្នកស្រីបញ្ជាក់ថា៖«ពេលខ្ញុំបានត្រឡប់មកវិញ ខ្ញុំឃើញពួកគាត់បានយកចិត្តទុកដាក់ជា មួយពួកខ្ញុំខ្លាំង មែនទែន។ ពីដំបូងឡើយខ្ញុំអត់ទាន់ជួប ខ្ញុំអត់នឹកស្មានដល់...ដល់ពេលបានជួបហើយបាន មានអារម្មណ៍រំភើប ចេញពីបេះដូងដែលឃើញពួកគាត់ស្វះស្វែងជួយប្រជាពលរដ្ឋខ្មែរយើងដែលនៅស្រុកគេត្រឡប់មកប្រទេសយើងវិញ»។
ចំណែក ពលការិនី ខា សុខៃ ដែលជាពលការិនីខ្មែរម្នាក់ទៀត ក៏បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើត និងបានជួបជុំគ្រួសារ បងប្អូនឡើងវិញ។ ពលការិនីរូបនេះបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានជួយឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។
ពលការិនីបញ្ជាក់ថា៖«ខ្ញុំមានតែអរគុណសម្ដេចដែលបានជួយខ្ញុំឲ្យបានមកខ្មែរ ជួយទិញសំបុត្រយន្តហោះតាំងពីនៅអារ៉ាប់រហូតមកដល់ខ្មែរ។ ខ្ញុំសប្បាយចិត្តជាខ្លាំងដោយសារមកដល់ដីខ្មែរ បានជួបម៉ាក់ប៉ា បងប្អូនទាំងអស់»។
ដោយឡែក ពលការិនី ផង សុភី ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ បន្ទាប់ពីខ្លួនអាចវិលត្រឡប់ មកកាន់ ស្រុក កំណើតវិញ។
ពលការិនី ផង សុភា និយាយថា៖«ឥលូវនេះខ្ញុំបានមកដល់ប្រទេសខ្មែរដោយសុវត្ថិភាពហើយ ខ្ញុំក៏សូមអរគុណដល់បងៗ ដែលខំស្វះស្វែងដើម្បីឲ្យពួកខ្ញុំបានមកដល់ប្រទេសខ្មែរ។ ខ្ញុំសង្ឃឹមថាបងប្អូនដែល នៅក្រោយ កុំបោះបង់ការទុកចិត្តនៅលើនាយករដ្ឋមន្រ្តី ព្រមទាំងបងៗក្រសួងការងារ ព្រោះពួកគាត់ព្យាយាម និងឲ្យពួក យើងបាន មកដល់ស្រុកខ្មែរវិញមិនខាន តែយើងត្រូវអត់ធ្មត់បន្តិច»។
សូមបញ្ជាក់ថា គិតត្រឹមលើកនេះទៀត មានបងប្អូនពលការិនីចំនួន៦៣នាក់ហើយ ដែលបានវិលត្រឡប់មកមាតុប្រទេសវិញក្រោមការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំ នៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ តាមការស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងគ្រប់ភាគីពាក់ព័ន្ធ នឹងនៅតែបន្តធ្វើកិច្ចសម្របសម្រួលដើម្បីជួយពលការិនីខ្មែរដែលនៅសល់ឲ្យ បានត្រឡប់មកស្រុកកំណើតវិញក្នុងពេលឆាប់ៗនេះ៕






