រយៈពេល ២ថ្ងៃ នៃ «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ» ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានចូលរួមទស្សនា និងគាំទ្រផលិតផលកសិផលក្នុងស្រុក ព្រមទាំងចាត់ទុកព្រឹត្តិការណ៍នេះជាការបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចជាតិ។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកស្រី សុខ ឃីម ម្ចាស់សិប្បកម្មកែច្នៃ ហេង ហ៊ត់ ខាងផ្នែកបោះដុំ និងលក់រាយត្រីងៀត ត្រីផាត់ និងប្រហុក បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមិននឹកស្មានទេថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ លោកស្រីបានរៀបរាប់ថា ការចូលរួមតាំងបង្ហាញផលិតផលនេះ មិនមែនជាលើកទី១ទេ ដោយកត់សម្គាល់ឃើញថា ការចូលរួមពីសាធារណជនមានចំនួនតិច ដោយឡែកសម្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកក៏មានកម្រិតផងដែរ។ ប៉ុន្តែតាមរយៈកម្មវិធីលើកនេះ គឺមានសភាពដាច់គ្នាច្រើនណាស់ បើធៀបនឹងកម្មវិធីដទៃផ្សេងទៀត។
មិនខុសគ្នានេះ លោក ទូច សុភាព ប្រធានគ្រប់គ្រងសមាជិកភាព នៃសមាគមវារីវប្បករនៅកម្ពុជា បានឲ្យប៊ីធីវី ដឹងដែរថា រយៈពេល២ថ្ងៃ នៃកម្មវិធីពិព័រណ៍នេះ ពិតជាទទួលបានការចាប់អារម្មណ៍ពីមហាជន និងការសួរនាំព័ត៌មាននានាពីសំណាក់អ្នកចូលរួមទស្សនាផងដែរ ដែលធ្វើឲ្យផលិតករ អាជីករ និងកសិករជាដើម មានការសប្បាយរីករាយ និងរំភើបចិត្ត នៅពេលដែលឃើញមានការគាំទ្រយ៉ាងច្រើនបែបនេះ។
ពាក់ព័ន្ធកម្មវិធីខាងលើនេះ អ្នកស្រី ថុន ណាក់ ពលរដ្ឋរស់នៅតំបន់ច្បារអំពៅ និងកញ្ញា រ៉ូហ្សា មកពីតំបន់ចោមចៅ ដែលបានមកទស្សនាការតាំងពិពណ៌នោះ បានសម្តែងការភ្ញាក់ផ្អើល ដោយបានឃើញផលិតផលដែលផលិតក្នុងស្រុកជាច្រើន ដែលភាគច្រើនផលិតពីវត្ថុធាតុដើមកសិកម្ម ដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ ពួកគាត់ បានលើកស្រដៀងគ្នាទៀតថា ចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះបន្តថែមទៀត ដើម្បីមានឱកាសបានស្វែងយល់ និងចូលរួមគាំទ្រផលិតផលជារបស់ខ្មែរ ខណៈទាំងគុណភាព និងការវេចខ្ចប់មានភាពល្អប្រសើរជាងមុនច្រើនណាស់។
សូមបញ្ជាក់ថា «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ” ចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ រវាងអ្នកផលិត និងអ្នកមានតម្រូវការ និងលើកទឹកចិត្តឱ្យភាគីទាំងពីរសហការគ្នា កសាងទំនុកចិត្ត និងផ្តល់ការគាំទ្រគ្នា ដើម្បីប្រយោជន៍ជារួម៕ អត្ថបទ ឈិត បូរ៉ាវី






