លោក Donald Trump បាននិយាយថា លោកនឹងទទួលយកការឃុំខ្លួនក្នុងលំនៅឋាន ឬពន្ធនាគារបន្ទាប់ពីការកាត់ទោសជាប្រវត្តិសាស្ត្រដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ប៉ុន្តែវានឹងពិបាកសម្រាប់សាធារណជន ក្នុងការទទួលយក។ លោក មិនប្រាកដថា សាធារណៈជននឹងគាំទ្រវានោះទេ។ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះ បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ថា លោកគិតថាវានឹងពិបាកសម្រាប់សាធារណជនក្នុងការទទួលយក។ នៅចំណុចជាក់លាក់មួយ នឹងមានចំណុចលែងទទួលយកបាន។

លោក Trump នឹងត្រូវបានកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដា ដែលមានរយៈពេលបួនថ្ងៃមុនពេលសាមាជិកគណបក្សសាធារណរដ្ឋ ជួបប្រជុំគ្នាដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់ពួកគេជាផ្លូវការ ដើម្បីប្រឈមមុខជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា។ លោក Trump បានប្រើការកាត់ទោសរបស់លោកដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់ ប៉ុន្តែពុំបានស្វែងរកការប្រមូលផ្តុំអ្នកគាំទ្ររបស់លោកនោះទេ ដែលផ្ទុយទៅនឹងការលើកឡើង ដែលប្រឆាំងទៅនឹងការបរាជ័យកាលពីឆ្នាំ២០២០ ជាមួយលោក Biden ដោយមានការវាយប្រហារពីសំណាក់អ្នកគាំទ្ររបស់លោក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ទៅលើវិមាន Capitol សហរដ្ឋអាមេរិក។
លោក Trump បានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការជម្រះក្តីរបស់លោក ធ្វើឡើងដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក ដែលបានរកឃើញថាលោកមានទោសពីបទព្រហ្មទណ្ឌចំនួន៣៤ករណី ជុំវិញការក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសម្នាក់ នៅមុនការបោះឆ្នោតឆ្នាំ ២០១៦។ បញ្ហានេះ ទំនងជាពុំត្រូវបានដោះស្រាយនៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា នៅពេលដែលលោកនឹងស្វែងរកការដណ្តើមយកសេតវិមានមកវិញ ពីលោក Bidenនោះទេ។ ការបោះឆ្នោតស្ទង់មតិ បង្ហាញការប្រជែងយ៉ាងស្វិតស្វាញ រវាងបេក្ខជនទាំងពីរ ហើយបង្ហាញថា ការកាត់ទោសរបស់លោកអាចធ្វើឱ្យធ្វើឲ្យមានផលប៉ះពាល់ ជាមួយអ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋ និងអ្នកបោះឆ្នោតឯករាជ្យ មួយចំនួន។ លោក Trump បានបដិសេធថា ពុំបានប្រព្រឹត្តខុស ក្នុងគ្រប់ករណីទាំងអស់ ហើយបានចាត់ទុក បទចោទប្រកាន់ទាំងនេះថា ជាការឃុបឃិតខាងគណបក្សប្រជាធិបតេយ្យ ដើម្បីរារាំងលោក មិនឲ្យប្រកួតប្រជែង។