រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បានព្រមានកាលពីថ្ងៃអាទិត្យទី២មិថុនា ថា យោធារបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់សកម្មភាពទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ ប៉ុន្តែបានអំពាវនាវឱ្យមានការផ្លាស់ប្តូរកាន់តែច្រើនជាមួយសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយរបស់លោកនៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរីបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេល ១៨ ខែរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ។
លោក តុង បានប្រាប់កិច្ចសន្ទនា សាំងគ្រី ឡា (Shangri-La)ជាទីដែលរូបលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា យើងតែងតែបើកចំហចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែប្រការនេះ តម្រូវឱ្យភាគីទាំងពីរឯកភាពគ្នា។
យើងជឿថាយើងត្រូវការការផ្លាស់ប្តូរបន្ថែមទៀតយ៉ាងជាក់លាក់ ព្រោះមានការខ្វែងគំនិតគ្នាជាច្រើនរវាងយោធាទាំងពីររបស់យើង។

លោកតុង និង លោកអូស្ទីន បានជួបគ្នាជាងមួយម៉ោងនៅសណ្ឋាគារប្រណិតដែលរៀបចំវេទិកានេះ ដែលត្រូវបានចូលរួមដោយមន្ត្រីការពារជាតិមកពីជុំវិញពិភពលោក ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានគេមើលឃើញថាជាវេទិកានៃទំនាក់ទំនងអាមេរិក-ចិន។ កិច្ចសន្ទនា សាំងគ្រីឡា ឆ្នាំនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ និងបានព្រមានពី សង្គ្រាមលើកោះដែលគាំទ្រដោយសហរដ្ឋអាមេរិក បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំងបានហៅថាជា ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់៕
