នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ជាវេលាដែលរៀបចំពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា។ ជាវេលាចុងក្រោយនេះដែរ ព្រះវត្តមាន ព្រះមហាក្សត្រ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាវត្តមានប្រជាពលរដ្ឋ ពុទ្ធសាសនិក ចូលរួមនៅតាមដងផ្លូវ ដើម្បីបង្ហាញភាពសោកស្ដាយ និងជូនដំណើរព្រះបរមសពជាលើកចុងក្រោយផងដែរ។
ឈានចូលមកដល់ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ជាវេលារៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង និងអភិសេកព្រះបរមអដ្ឋិ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា។ ព្រះរាជពិធីបានចាប់ផ្ដើមចាប់តាំងពីនៅម៉ោង ៤ ព្រឹក ដោយមានការជួបជុំព្រះសង្ឃ សិស្សគណ ក្រុមព្រះញាតិ និងពុទ្ធបរិស័ទ សូត្រធម៌ នមស្ការ ព្រះរតនត្រ័យ សមាទាននិច្ចសីល វន្ទាខមាទោសព្រះបរមសព។ រួចបន្តព្រះរាជពិធី រំកិលព្រះមញ្ជូសា តម្កល់ព្រះទីនាំងនាគរាជ នៅម៉ោង ៥.00 ទើបឈានដល់ពិធីដង្ហែព្រះបរមសពចេញពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់ទីព្រះមេរុ មុខវត្តបទុមវតី នៅម៉ោង ៦.00 ព្រឹកនេះ។
សម្រាប់ពិធីដង្ហែក្បួនព្រះបរមសព ដែលប្រព្រឹត្តិទៅនាព្រឹកនេះ គឺមានការបិទនៅតាមតម្រាយផ្លូវឆ្លងកាត់ ដើម្បីសម្រួលដល់ក្បួនដង្ហែ។ ជាការបង្ហាញក្ដីគោរព ស្រឡាញ់ ប្រជាពលរដ្ឋជាច្រើនបានអញ្ជើញចូលរួម ក្នុងការជូនដំណើរព្រះបរមសពជាលើកចុងក្រោយនេះផងដែរ។ បណ្ដាប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្ថិតក្នុងសម្លៀកបំពាក់ព័ណ៌ស បានចេញពីផ្ទះ តាំងពីប្រលប់ ដើម្បីមកឈរនៅតាមតម្រាយផ្លូវ ជូនព្រះរាជដំណើរព្រះអង្គជាលលើកចុងក្រោយ។ ពលរដ្ឋនៅតែមានភាពសោកស្ដាយ ចំពោះការសោយទិវង្គតរបស់ព្រះអង្គ។
សូមជម្រាបថា សម្រាប់ពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងថ្វាយព្រះភ្លើងពីព្រះពន្លាជ័យផងដែរ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានសោយទិវគ្គត នៅព្រះជន្មាយុ ៩៣ ព្រះវស្សា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅ។ ព្រះបរមសព ត្រូវបានតម្កល់ នៅវត្តឧណ្ណាលោម រហូតដល់ពិធីថ្វាយព្រះភ្លើងដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ៕ អត្ថបទ៖ គឹមហុក








