ក្រុមប្រទេសផលិតប្រេង ដែលគេស្គាល់ថា OPEC បូក បានព្រមព្រៀងបន្ថែមពេលក្របខណ្ឌកាត់បន្ថយទិន្នផលប្រេងបច្ចុប្បន្នរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៥។

អង្គការនៃប្រទេសនាំចេញប្រេង និងប្រទេសផលិតប្រេងធំៗផ្សេងទៀត បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី តាមបណ្តាញអ៊ីនធឺណិត កាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រទេសផលិតប្រេង និយាយថា ខ្លួនបានព្រមព្រៀង បន្ថែមពេលការកាត់បន្ថយនៅពេលបច្ចុប្បន្ន ដែលនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ។
នេះមានន័យថា ការកាត់បន្ថយប្រេងចំនួន ៣,៦៦លានបារ៉ែលក្នុងមួយថ្ងៃ នឹងបន្តរហូតដល់ឆ្នាំ ២០២៥។ សមាជិកចំនួនប្រាំបីប្រទេស រួមមានប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ក៏នឹងបន្តកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែល ក្នុងមួយថ្ងៃ រយៈពេល៣ខែ រហូតដល់ចុងខែកញ្ញាផងដែរ។
ពួកគេនិយាយថា នឹងលុបចោលការកាត់បន្ថយជាបន្តបន្ទាប់ចាប់ពីខែតុលា ខណៈកំពុងតាមដាននិន្នាការទីផ្សារប្រេងឆៅ។ ប្រេងឆៅ បានកើនឡើងកាលពីខែមេសា ជុំវិញការព្រួយបារម្ភថាស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា នឹងកាន់តែតានតឹង ដោយសារជម្លោះកើនឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ជាក់ស្តែងបណ្តាប្រទេសផលិតប្រេង OPEC បូក កំពុងស្វែងរកការជំរុញតម្លៃប្រេង ដោយការបន្តកាត់បន្ថយទិន្នផល ខណៈភាពមិនច្បាស់លាស់ កំពុងកើនឡើងលើការរំពឹងទុកសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន និងកត្តាផ្សេងៗទៀត។

