ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន កំពុងអំពាវនាវឱ្យប្រជាជននៅតំបន់ដែលរងគ្រោះដោយការរញ្ជួយដី នៅព្រឹកថ្ងៃចន្ទនេះ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ផ្ទាំងថ្ម និងបំណាក់ដី។
ការរញ្ជួយដី បានវាយប្រហារនៅខេត្ត Ishikawa ប្រទេសជប៉ុនភាគកណ្តាល ហើយបានកត់ត្រាកម្លាំងនៃកម្រិតរញ្ជួយដល់កម្រិតទី៥ លើមាត្រដ្ឋានរបស់ប្រទេសជប៉ុនពីកម្រិត០ ដល់កម្រិតទី៧។

មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា ប្រជាជនក្នុងតំបន់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះហានិភ័យនៃការបាក់ផ្ទាំងថ្ម និងបំណាក់ដី កំពុងកើនឡើងនៅក្នុងតំបន់ដែលមានការរញ្ជួយខ្លាំង។
មន្ត្រី បានព្រមានថា រញ្ជួយដីបន្ថែមទៀត ដោយមានកម្លាំងស្រដៀងគ្នា អាចវាយប្រហារតំបន់នេះ ក្នុងសប្តាហ៍ខាងមុខ ហើយការរញ្ជួយដីដ៏ធំ អាចនឹងកើតឡើងក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។
មន្ត្រី និយាយបន្តថា សកម្មភាពរញ្ជួយដី បាននិងកំពុងបន្តនៅក្នុងតំបន់នេះ រយៈពេលជាងបីឆ្នាំមកហើយ រួមទាំងការរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញតំបន់នេះ កាលពីថ្ងៃចូលឆ្នាំថ្មីផងដែរ។
មន្ត្រីបានព្រមានថា សកម្មភាពនានា ត្រូវបានគេរំពឹងថានឹងមានជាបន្តនៅពេលនេះ។
