លោក ម៉ក់ ហឺន ពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក និងជាអ្នកនិយាយអំពីនយោបាយនៅក្រៅប្រទេស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់កម្មវិធីនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានគោលដៅបណ្តុះបណ្តាលចំនួន១លាន៥សែននាក់នោះ គឺជាទិសដៅដ៏ល្អបំផុតសម្រាប់ជាតិ ខណៈកម្មវិធីនេះនៅអាមេរិកក៏មានដែរ ប៉ុន្តែគេមិនបានផ្តល់ប្រាក់ខែជូនសិក្ខា កាមដែលកំពុងធ្វើការបណ្តុះបណ្តាលដូចខ្មែរនោះឡើយ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវី នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងពិធីអាហារ សាមគ្គីមួយ ដែលរៀបចំឡើងក្រុម«សេនាសន្តិភាព» លោក ម៉ក់ ហឺន បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំ ពុះពារយ៉ាងខ្លាំងដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពពលរដ្ឋខ្មែរ ដោយបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនេះជានយបាយមួយដ៏ល្អបំផុតសម្រាប់ប្រជាជនរបស់ខ្លួន ដូច្នេះពលរដ្ឋខ្មែរជាពិសេសយុវជនខ្មែរគប្បីខិតខំរៀនសូត្រនូវជំនាញទាំងនេះដើម្បី សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន កុំគិតតែដើរហើរ និងបង្ហោះម៉ូតូឥតប្រយោជន៍នោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់មុខជំនាញចំនួន៣៨ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើវិស័យអាទិភាពចំនួន១០ ដែលរួមមានសំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ធុរកិច្ចនិងព័ត៌មានវិទ្យា។ កម្មវិធីបណ្តុះបណ្តាលនេះមានការរៀបចំជាវេនយប់ និងវេនចុងសប្តាហ៍ បន្ថែមពីវេនធម្មតាផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់យុវជនក្នុងការចូលរៀនជំនាញទាំងនោះ ខណៈការសិក្សាជំនាញនីមួយៗអាចមានរយៈពេល៤ខែ។
យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ដោយអាចចុះឈ្មោះបានតាមរយៈកម្មវិធីទូរសព្ទដៃ ដែលមានឈ្មោះ «TVET ឬទៅចុះឈ្មោះដោយផ្ទាល់នៅតាមវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ មជ្ឈមណ្ឌលការងាររាជធានីខេត្តចំនួន១៤ មជ្ឈមណ្ឌលការងារចល័តចំនួន៥ និងដៃគូសង្គមផ្សេងទៀត ដែលមានបំណងស្ម័គ្រចិត្តចូលរួមក្នុងការជួយចុះឈ្មោះ៕ អត្ថបទ៖ បាន ចក់





