រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសេនាធិការ បានចាប់ផ្ដើមរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ និងកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ និងរួមនឹងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះនៅក្រុងសៀមរាប ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជានឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនេះនៅថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២៤នេះ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្ដីនៃបណ្ដាប្រទេសអាស៊ានទាំង១០ប្រទេស, ការចូលរួមពីអគ្គលេខាធិការអាស៊ាន, ក្នុងនោះកម្ពុជាក៏បានអញ្ជើញប្រទេសទីម័រខាងកើត ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ ក្រៅពីនេះក៏មានការចូលរួមពីប្រទេសកូរ៉េ ជប៉ុន រួមនឹងបណ្ដាអង្គទូតនានានៅក្នុងប្រទេសកម្ពុជាចូលរួមផងដែរ។
ឯកឧត្តមបន្តថាកិច្ចប្រជុំនេះនឹងធ្វើឡើងពេញមួយសប្ដាហ៍តែម្ដងដោយចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះនៅទីក្រុងសៀមរាប។ នៅថ្ងៃទី៣ ខែមិថុនានេះ គឺជាកិច្ចប្រជុំរបស់អនុគណៈកម្មការហេដ្ឋារចនាសម្ព័ន្ធ និងាករអភិវឌ្ឍធនធានមនុស្ស ដែលជាអនុគណៈកម្មការរបស់គណកម្មាអាស៊ានសម្រាប់ផ្នែកវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំរបស់អនុគណៈកម្មការនេះនឹងលើកជាគំនិតផ្គួចផ្ដើមផ្សេងៗ លើផ្នែកបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងៗដាក់ជូនគណៈប្រឹក្សាយោបល់របស់អាស៊ានដើម្បីអនុម័ត។ បន្ទាប់មក កិច្ចប្រជុំនៅថ្ងៃទី៤-៥ ខែមិថុនារបស់គណៈកម្មការអាស៊ាននឹងអនុម័តលើគំនិតផ្គួចផ្ដើមផ្សេងៗរបស់អនុគណៈកម្មការដែលបានស្នើឡើងមក។
សូមជម្រាបថា នៅឆ្នាំ២០២៤នេះ ជាលើកទីពីរហើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ និងកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងរួមនឹងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានធ្វើឡើងជារៀងរាល់មួយឆ្នាំម្ដង ដែលប្រទេសជាសមាជិកអាស៊ានចែកវេនគ្នាតាមលេខរៀងអក្សរអង់គ្លេស A. B. C. D ហើយនៅក្នុងឆ្នាំ ២០២៤នេះ គឺដល់វេនប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបន្ទុកទទួល និងដឹកនាំកិច្ចប្រជុំ ខណៈកាលពីឆ្នាំមុនប្រទេសព្រុយណេជាអ្នកដឹកនាំកិច្ចប្រជុំនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា