ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សកាន់អំណាច បានប្រកាសថា បេក្ខជនមកពីគណបក្សកាន់អំណាច លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីម៉ិកស៊ិក បន្ទាប់ពីការបោះឆ្នោត បានបិទមណ្ឌលបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែល បានធ្វើឲ្យលោកស្រី ក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេស។

ប្រធានគណបក្ស MORENA ដែលកំពុងកាន់អំណាច លោក Mario Delgado បាននិយាយទៅកាន់អ្នកគាំទ្រនៅទីក្រុង Mexico City ថា លោកស្រី Sheinbaum បានទទួលជ័យជម្នះយ៉ាងធំធេង។
ការបោះឆ្នោត បានធ្វើឱ្យលោកស្រី ទទួលបានសំឡេងឆ្នោតភ្លូកទឹកភ្លូកដី ៥៦ភាគរយ។ ការបោះឆ្នោតធំបំផុតមិនធ្លាប់មាននៅប្រទេសម៉ិកស៊ិក ក៏ជាការបោះឆ្នោតមានអំពើហិង្សាខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រទំនើបផងដែរ ដោយមានឃាតកម្មលើបេក្ខជនចំនួន៣៨នាក់។
កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់ នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋ Puebla ។ អំពើហិង្សាដ៏ឃោឃៅនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យដោយការធ្វើសង្គ្រាមជាមួយក្រុមជួញដូរគ្រឿងញៀន។
លោកស្រី Sheinbaum ដែលបាននាំមុខដោយភាពជឿជាក់លើការបោះឆ្នោតស្ទង់មតិលើគូប្រជែងដ៏សំខាន់របស់លោកស្រី គឺលោកស្រី សូឈីត ហ្គាលវ៉េស( Xochitl Galvez) នឹងត្រូវបានប្រគល់ភារកិច្ចឱ្យប្រឈមមុខទៅនឹងការប្រយុទ្ធប្រឆាំងអំពើហឹង្សាឧក្រិដ្ឋកម្មរៀបចំទុក និងត្រូវស្តារឡើងវិញសេដ្ឋកិច្ចដែលមានភាពយឺតយ៉ាវ។
ជ័យជម្នះសម្រាប់លោកស្រី នឹងបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់ប្រទេសម៉ិកស៊ិក ហើយ លោកស្រី នឹងចាប់ផ្តើមអាណត្តិរយៈពេលប្រាំមួយឆ្នាំ នៅថ្ងៃទី ១ ខែតុលា។
