យោងតាមក្រសួងធនធានទឹក (MWR) បានឱ្យដឹងថា ប្រទេសចិន បានឈានចូលដល់រដូវកាលទឹកជំនន់ទូទៅរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយទឹកជំនន់នៅក្នុងតំបន់ភាគខាងត្បូង បានកើនឡើងខ្លាំងរួចទៅហើយ ខណៈដែលអ្នកជំនាញម្នាក់បានប្រាប់សារព័ត៌មាន គ្លូបប៊ល ថែមស៍ (Global Times) កាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា រដូវទឹកជំនន់ឆ្នាំនេះនៅតំបន់ភាគខាងត្បូង ប្រទេសចិន បានចាប់ផ្តើមលឿនជាងធម្មតា។

រដូវទឹកជំនន់ទូទៅឆ្នាំនេះ ដែលរំពឹងថានឹងដំណើរការចាប់ពីខែមិថុនា ដល់ខែសីហា នឹងមានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយគ្រោះធម្មជាតិបែបនេះកាលពីមុនបណ្តាលឱ្យខូចខាតជាច្រើន។ ព្រឹត្ដិការណ៍អាកាសធាតុធ្ងន់ធ្ងរក៏ត្រូវបានគេរំពឹងថានឹងកាន់តែញឹកញាប់ រីករាលដាល និងខ្លាំងជាងមុន ជាមួយនឹងផលប៉ះពាល់កាន់តែខ្លាំង នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា នាយកដ្ឋានពាក់ព័ន្ធកំពុងតាមដានយ៉ាងដិតដល់នូវជំនន់ទឹកភ្លៀង បម្រែបម្រួលកម្រិតទឹក ធ្វើការពិគ្រោះ និងវិនិច្ឆ័យ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
អាជ្ញាធរគ្រប់គ្រងទឹកជំនន់ក្នុងទីក្រុងប៉េកាំង ក៏បានក្រើនរំលឹកសាធារណជនកាលពីថ្ងៃអាទិត្យ ឱ្យយកចិត្តទុកដាក់លើការព្យាករ និងការព្រមានដែលពាក់ព័ន្ធ ហើយសិក្សាអំពីនីតិវិធីផ្តល់ជម្រកសង្គ្រោះបន្ទាន់សម្រាប់រដូវទឹកជំនន់៕