អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ចំណាត់ការនាពេលថ្មីៗនេះរបស់អង្គការណាតូ (NATO) ក្នុងការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន គឺសំដៅរារាំងប្រទេសរុស្ស៊ី ហើយណាតូ នឹងការពារគ្រប់ម៉ែត្រក្រឡានៃទឹកដីសមាជិកខ្លួន ដោយបន្ថែមថានេះគួរតែច្បាស់ចំពោះទីក្រុងមូស្គូ ហើយថា សម្ព័ន្ធយោធានឹងត្រៀមដើម្បីការពារខ្លួនប្រសិនបើចាំបាច់។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើត លោក សូស បាននិយាយថា ប្រទេសអាល្លឺម៉ង់ បានដើរតួនាទីនាំមុខនៅក្នុងវត្តមានរបស់អង្គការណាតូ នៅក្នុងតំបន់បាល់ទិក នៅតាមព្រំដែនរបស់រុស្ស៊ី ដែលលាតសន្ធឹងជិតមួយទសវត្សរ៍។

លោកបាននិយាយថា ការទូតនឹងទទួលបានជោគជ័យតែក្នុងទីតាំងដ៏រឹងមាំប៉ុណ្ណោះ ដោយបន្ថែមថា វាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋបាល់ទិក អាចពឹងផ្អែកទាំងស្រុងលើសម្ព័ន្ធមិត្តណាតូ ដែលបង្កើនការការពាររបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅដើមសប្តាហ៍នេះ បានព្រមានសមាជិកណាតូ ប្រឆាំងនឹងការអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់អាវុធចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានលុបចោលការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលបានផ្ដល់ឱ្យទីក្រុងគីវ។
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានច្រានចោលការព្រមាននេះ ដោយនិយាយថា សម្ព័ន្ធយោធាបានដឹងលឺការព្រមាននោះជាច្រើនដងពីមុន ហើយការការពារខ្លួនគឺមិនមែនជាបង្កើនភាពតានតឹងនៃសង្រ្គាមនោះទេ៕