មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ក្រុមជំនួយនៅតែមិនអាចផ្តល់ «តម្រូវការមូលដ្ឋាន» រួមទាំងតង់ និងទឹកស្អាតដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសីតុណ្ហភាពកំពុងកើនឡើងខ្លាំង និងជំងឺរីករាលដាល ខណៈកិច្ចចរចាកំពុងបន្ត ស្ដីពីការបើកច្រកឆ្លងកាត់សម្រាប់ជំនួយ ដែលត្រូវបានបិទជាច្រើនសប្តាហ៍។

លោក ស្កុត អាន់ឌឺសុន (Scott Anderson) មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន ស៊ីប៊ីអេស (CBS) ថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនឡើយ ហើយកង្វះទឹកស្អាតបានក្លាយទៅជាកង្វល់ចម្បងមួយ ដោយសារសីតុណ្ហភាពកាន់តែក្តៅ ហើយប្រជាជនប៉ាឡេស្ទីន ប្រឈមមុខនឹងការខ្សោះជាតិទឹក ក៏ដូចជាការរីករាលដាលនៃជំងឺឆ្លង។

បញ្ហាប្រឈមដែលក្រុមផ្តល់ជំនួយជួបប្រទះនេះ ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការបិទច្រកព្រំដែនជាមួយអេហ្ស៊ីប នៅក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងខាងត្បូងហ្កាហ្សា ដែលអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ច្រកឆ្លងកាត់ រ៉ាហ្វា គឺជាផ្លូវដ៏សំខាន់មួយសម្រាប់ការទទួលបានជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំងចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហើយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួសចាកចេញ៕