បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលផ្ទេរមកកាន់ Barcelona មិនទាន់ទាំងបានប្រកួតផ្លូវការណាមួយផងនៅឡើយនោះ នឹងត្រូវសម្រាកយ៉ាងហោចណាស់ ១០សប្តាហ៍ដោយសាររបួសកំភួនជើងខាងស្តាំ នេះបើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់អេស្ប៉ាញ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានមកដល់ Barcelona កាលពីខែមិថុនាជាមួយនឹងកុងត្រា ២ឆ្នាំផ្ទេរពី Manchester City ដោយគ្មានតំលៃបន្ទាប់ពីកិច្ចសន្យាអស់សុពលភាព។ រយៈពេល ១០ឆ្នាំនៅ Manchester City អតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយរកបាន ២៦០គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៣៩០ប្រកួត។ Sergio Aguero គឺជាសមាជិករបស់ក្រុមជំរើសជាតិអាហ្សង់ទីន ដែលឈ្នះជើងឯក Copa America ឆ្នាំនេះរួមជាមួយមិត្តរួមជាតិ Lionel Messi ដែលទើបប្រកាសចាកចេញពី Barcelona៕
អត្តបទ៖នាង សុភាវុធ