អ៊ុយក្រែន បានបិទថាមពលភាគច្រើនជាបន្ទាន់ នៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយបានអះអាងថា ខ្លួនទទួលបានផលចំណេញ នៅក្នុងខេត្តដូណិតស្ក៍(Donetsk)ភាគខាងកើត។

ការបិទនេះ បានធ្វើឡើងនៅក្នុងតំបន់ទាំងអស់ លើកលែងតែតំបន់ចំនួនបីរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលកាលពីថ្ងៃសៅរ៍ លើគោលដៅថាមពល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ រងរបួស។
ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo គ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន បាននិយាយថា ការបិទបានប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារ។
ការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្ខំឲ្យរដ្ឋាភិបាលផ្តាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ បើគ្មានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការវាយលុក និងអនុញ្ញាតឲ្យជួសជុលទេ ភាពខ្វះខាតនៅតែអាចកាន់តែអាក្រក់ឡើងៗ ដោយសារតម្រូវការកើនឡើង នៅចុងរដូវក្តៅ និងរដូវរងាខ្លាំងនោះ។
ក្នុងចំណោមការវាយប្រហារថ្មីៗដ៏សំខាន់បំផុត គឺការវាយប្រហារកាលពីខែមេសា ដែលបានបំផ្លាញរោងចក្រថាមពលកម្តៅដ៏ធំបំផុតរបស់ទីក្រុងគីវ និងការវាយប្រហារដ៏ធំកាលពីថ្ងៃទី៨ ខែឧសភា ដែលផ្តោតលើការផលិតថាមពល និងឧបករណ៍បញ្ជូនថាមពល នៅក្នុងតំបន់ជាច្រើន។

បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ កងកម្លាំងអាកាសរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនចំនួន២៥គ្រឿង ដែលបានបាញ់នៅពេលយប់។