កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្តប្រតិបត្តិការរបស់ពួកគេ នៅទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ បើទោះបីជាមានការរិះគន់ជាទូទៅពីអន្តរជាតិ ខណៈដែលរដ្ឋនានា ដែលកំពុងសម្រុះសម្រួលក្នុងជម្លោះដែលកំពុងបន្តបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមនេះ។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ទាហាន បានរកឃើញអាវុធ ផ្លូវរូងក្រោមដី និងគ្រាប់រ៉ុក្កែតជាច្រើននៅក្នុងទីប្រជុំជននៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយបន្ថែមថា ប្រតិបត្តិការរបស់កងទ័ពមានភាពច្បាស់លាស់ និងផ្អែកលើអ្វីដែលរកឃើញរបស់ទីភ្នាក់ងារចារកម្ម។
អ៊ីស្រាអែល ចាត់ទុកទីក្រុងរ៉ាហ្វា ជាបន្ទាយរឹងមាំចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលបង្កឲ្យមានជម្លោះនាពេលបច្ចុប្បន្ន នៅតំបន់ហ្កាហ្សា បន្ទាប់ពីបានសម្លាប់ជនស៊ីវិលរាប់រយនាក់ ក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។
ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តជាច្រើនរបស់អ៊ីស្រាអែល បានជំទាស់យ៉ាងដាច់អហង្ការចំពោះការលុកលុយយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វា ដោយសារតែចំនួនជនស៊ីវិលច្រើន ដែលបានជ្រកកោននៅទីនោះពីការប្រយុទ្ធគ្នានៅកន្លែងផ្សេងទៀត នៅក្នុងតំបន់ឆ្នេរនេះ។ ពួកគេជាច្រើននាក់ បានរត់គេចពីទីក្រុងរ៉ាហ្វាម្ដងទៀត។

ការវាយប្រហារចុងក្រោយបំផុតកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញសំណើថ្មី ដែលគាំទ្រដោយអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាម និងធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។