មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូប បាននិយាយថា សហរដ្ឋអាមេរិក មាន«ការរំពឹងទុក»ថា អ៊ីស្រាអែល នឹងទទួលយកសំណើបទឈប់បាញ់ ដែលនឹងចាប់ផ្តើមជាមួយនឹងការបញ្ឈប់អរិភាពរយៈពេល ៦សប្តាហ៍ នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀងនេះ។

ផែនការបីផ្នែកដែលបានបង្ហាញដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីសប្តាហ៍មុន ក៏នឹងឃើញ «ការកើនឡើង»នៃជំនួយមនុស្សធម៌ ក៏ដូចជាការដោះដូរចំណាប់ថ្នូរមួយចំនួនសម្រាប់អ្នកទោសប៉ាឡេស្ទីន មុនពេលបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។
ទោះជាយ៉ាងនេះក្តី សំណើនេះ ត្រូវបានប្រឆាំងពីសមាជិករដ្ឋាភិបាលអ៊ីស្រាអែលមួយចំនួន។
ការចរចា បានកើតឡើង នៅពេលដែលការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងទីក្រុងរ៉ហ្វា ដែលបានកើតឡើងក្រោមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍។

យោងតាម UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ទីជម្រករបស់ខ្លួនទាំង ៣៦ នៅក្នុងតំបន់រ៉ាហ្វា គឺទទេ បន្ទាប់ពីក្រុមអ្នកស្រុក ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញនោះ។
មនុស្ស ១,៧ លាននាក់ផ្សេងទៀត ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវផ្លាស់ទីលំនៅ នៅទីក្រុងខាន់យូនីស (Khan Younis) និងផ្នែកខ្លះនៃតំបន់ហ្កាហ្សាភាគកណ្តាល។
ថ្លែងទៅកាន់សារព័ត៌មាន ABC News កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិក មាន «ការរំពឹងទុក»ថា អ៊ីស្រាអែលនឹង«និយាយថា «Yes» ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានស្នើឡើង ប្រសិនបើក្រុមហាម៉ាសយល់ទទួលយកនោះ។