រដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋ របស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទ (០៣ មិថុនា) នេះថា ប្រធាន និងអនុប្រធាននៃអាជ្ញាធររដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកមើលការខុសត្រូវលើគម្រោងតម្លៃ ៣២ ពាន់លានដុល្លារ បានលាលែងពីតំណែង។

ការលាលែងពីតំណែងនេះកើតឡើងមុនការប្រារព្ធពិធីដែលគ្រោងទុករបស់លោកប្រធានាធិបតីជិតអស់អាណត្តិ ចូកូ វីដូដូ (Joko Widodo) នៅរដ្ឋធានីថ្មី ដែលមានឈ្មោះថា នូសានតារ៉ា (Nusantara) នៅថ្ងៃបុណ្យឯករាជ្យឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។

លោក បាមបាង ស៊ូសានតូណូ (Bambang Susantono) អតីតមន្ត្រីនៅធនាគារអភិវឌ្ឍន៍អាស៊ីដែលជាប្រធានដឹកនាំគម្រោងរដ្ឋធានីថ្មី និងលោក ដូនី រ៉ាហាចូ (Dhony Rahajoe) ស្ថាបត្យករឥណ្ឌូនេស៊ី និងជាអតីតអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាអនុប្រធានអាជ្ញាធរ ត្រូវបានចាត់តាំងឱ្យពន្លឿនការសាងសង់រដ្ឋធានីថ្មីនេះ ហើយមិនមានហេតុផលសម្រាប់ការលាលែងពីតំណែងនៃមន្រ្តីទាំងពីររូបនេះត្រូវបានផ្ដល់ឱ្យនោះទេ។
ការលាលែងពីតំណែងនេះកើតឡើងស្របពេលដែលមានកង្វះខាតថវិកាឯកជនសម្រាប់គម្រោងដ៏មហិច្ឆតានៃរដ្ឋធានីថ្មី កំពុងត្រូវបានសាងសង់នៅតំបន់ដាច់ស្រយាល និងតំបន់ព្រៃ កាលីម៉ាន់តាន់ (Kalimantan) លើផ្នែកឥណ្ឌូនេស៊ីនៃកោះ ប័រនេអូ (Borneo)។
រដ្ឋាភិបាលបាននិងកំពុងប្រជែងគ្នាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលតម្រូវឱ្យមានសម្រាប់ការផ្លាស់ប្តូរទីតាំងមន្ត្រីរាជការចំនួន ១២.០០០ នាក់ដំបូងក្នុងខែកញ្ញានេះ ប៉ុន្តែផែនការនេះពីមុនត្រូវបានពន្យារពេលពីរដងហើយ ដោយបង្កឱ្យមានការសង្ស័យជាច្រើនលើគម្រោងចុះហត្ថលេខារបស់ប្រធានាធិបតីមួយនេះ៕
