ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចសន្ទនា Shangri-La លើកទី២១នៅប្រទេសសឹង្ហបុរី នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោកទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិនបានឆ្លៀតជួប ពិភាក្សាទ្វេភាគីជាមួយគ្នា ដោយកិច្ចជំនួបនោះប្រមុខការពារជាតិទាំងពីរបានសន្យាបន្តពង្រឹងកិច្ចសហប្រ តិបត្តិរបស់កងទ័ពទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះសន្ទរកថា របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលបានថ្លៃងក្នុងវេទិកាកិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី២១ ដែលក្នុងសន្ទរកថានោះបានបង្ហាញពីភាពរឹងមាំរបស់ប្រទេសចិន នៅលើឆាកអន្តរជាតិ។ នៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិចិន នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ»។
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើនយ៉ាងច្រើនរហូតដល់បច្ចុប្បន្ននេះ ហើយក្នុងនាមជាអ្នកបន្តវេន នាយឧត្តមសេនីយ៍ បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ អោយបានកាន់តែល្អប្រសើរឡើងបន្ថែមទៀតដើម្បីគុណប្រយោជន៍របស់ ប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងអំពីសមយុទ្ធនាគមាសលើកទី៦ រវាងកងទ័ព កម្ពុជា និងចិនបានបញ្ចប់ដោយជោគជ័យ ខណៈតាមរយៈនៃការធ្វើសមយុទ្ធនេះបានធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀតនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ទុង ជុន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា-ចិន)។ ទាក់ទងទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរនេះ ប្រមុខការពារជាតិចិនរូបនេះក៏បាន ស្នើសុំឲ្យមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់គ្នាទៅវិញទៅមកដើម្បីបន្តរក្សាប្រពៃណីមិត្តភាព រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងចិនឲ្យ កាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ៕
អត្ថបទ៖ បាន ចក់











