លោក Klaus Hoffmann ទីប្រឹក្សាអាល្លឺម៉ង់របស់អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានថ្លែងនៅក្នុងការអត្ថាអធិប្បាយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ចំនួនសរុបប្រហែល ១៣៣.000ករណីនៃឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កំពុងត្រូវបានស៊ើបអង្កេត។

លោក Hoffmann បានប្រាប់សារព័ត៌មាន Neue Osnabrücke Zeitung ថា តួលេខនេះ គឺមានការកើនឡើងយ៉ាងខ្លាំង។ លោកបានបន្ថែមថា៖«ករណីភាគច្រើន ត្រូវបានកត់ត្រាយ៉ាងទូលំទូលាយ»។
តួលេខនេះ គឺកើនឡើងពី ៥៦.000ករណី នៅចុងឆ្នាំ ២០២២។
លោក Hoffmann បាននិយាយសំដៅទៅលើការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើគោលដៅជន ស៊ីវិល និងការបង្ខំឲ្យទទួលយកកុមារអ៊ុយក្រែន ជាឧទាហរណ៍នៃឧក្រិដ្ឋកម្មសង្គ្រាម។

ខណៈដែលលោក មិនចង់លើកឡើងពីការវិនិច្ឆ័យផ្លូវច្បាប់ លោកបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា សកម្មភាពរបស់រុស្ស៊ី «អាចត្រូវបានពណ៌នាថា ជាអំពើភេរវកម្មប្រឆាំងនឹងប្រជាជនស៊ីវិលប៉ុណ្ណោះ»
ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ជាច្រើន ត្រូវបានកត់ត្រាដោយជនជាតិរុស្សីខ្លួនឯង ខណៈដែលមន្ត្រីមានអំណាចដែលទទួលខុសត្រូវ បានទទួលរង្វាន់សម្រាប់ការងាររបស់ពួកគេ។