ក្រុមបាល់ទាត់ Real Madrid បានជួបជុំអបអរសាទរពានរង្វាន់ក្លិបកំពូលអឺរ៉ុបលើកទី ១៥ របស់ខ្លួននៅចំពោះមុខ អ្នកគាំទ្ររបស់ខ្លួននៅក្នុងកីឡដ្ឋាន Santiago Bernabeu។
ក្រុមអធិរាជស Real Madrid នៅតែជាក្លិបដែលឈ្នះជើងឯកអឺរ៉ុបច្រើនជាងគេដដែល ក្រោយយកឈ្នះ Borussia Dortmund ២-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។
Dani Carvajal គឺជាអ្នកតែតបញ្ចូលទីគ្រាប់ទីមួយ មុនពេលដែលកំហុសរបស់ខ្សែការពារ Dortmund ធ្វើឱ្យ Vinicius Junior ស៊ុតបញ្ចូលទីគ្រាប់ទីពីរធានាជ័យជំនះ។
ក្រៅពីការបង្ហាញពាន Champions League នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនក្នុងកីឡដ្ឋាន Real Madrid ក៏បានដង្ហែពាននៅតាមដងវិថីនៅទីក្រុង Madrid ផងដែរ។
Toni Kroos និង Luka Modric នៅពេលនេះឈ្នះជើងឯក Champions League សរុប ៦ លើកហើយជាមួយ Real Madrid តែ កីឡាករអាល្លឺម៉ង់ Toni Kroos នឹងចាកចេញ ខណៈ Luka Modric ទទួលបានកិច្ចសន្យាបន្តស្នាក់នៅជាមួយ Madrid មួយរដូវកាលទៀត។
រីឯខ្សែបម្រើអង់គ្លេស Jude Bellingham គឺជាកីឡាករដែលជោគជ័យម្នាក់ក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយ Real Madrid តាមរយៈការឈ្នះជើងឯក La Liga និង Champions League នេះក្រោយផ្លាស់ពី Dortmund ខណៈគេ នឹងរួមអាជីពជាមួយ Kylian Mbappe ដែលនឹងផ្លាស់មកកាន់ Real Madrid រដូវកាលថ្មីខាងមុខ៕ អត្ថបទ៖នាង សុភាវុធ


