
ប្រទេសចិន នៅថ្ងៃចន្ទ (ទី៣ ខែមិថុនា) បានចោទប្រកាន់សេវាស៊ើបការណ៍សម្ងាត់ (MI6) របស់ចក្រភពអង់គ្លេសថា បានជ្រើសរើសគូស្វាមីភរិយាដែលធ្វើការឲ្យរដ្ឋាភិបាលមជ្ឈិម ដើម្បីធ្វើចារកម្មឲ្យចក្រភពអង់គ្លេស ដោយនេះកាន់តែបន្ថែមការចោទប្រកាន់ជាច្រើនខែលើគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការធ្វើចារកម្ម រវាងមហាអំណាចទីក្រុងប៉េកាំង និងលោកខាងលិច។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម WeChat ផ្លូវការរបស់ខ្លួន ក្រសួងសន្តិសុខរដ្ឋ បានឲ្យដឹងថា ភ្នាក់ងារសម្ងាត់ MI6 បានបញ្ចុះបញ្ចូលបុរសម្នាក់មាននាមត្រកូល Wang ដែលធ្វើការក្នុង «តួនាទីសម្ងាត់ស្នូល» នៅក្នុងប្រព័ន្ធរដ្ឋមជ្ឈិម ដើម្បីឲ្យបង្កើតភាពចន្លោះប្រហោង រួមជាមួយប្រពន្ធរបស់គេ ដែលមាននាមត្រកូល Zhou។
ក្រសួងបាននិយាយថា៖ «ថ្មីៗនេះ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ អង្គភាពសន្តិសុខជាតិបានរកឃើញករណីចារកម្មដ៏សំខាន់មួយ ដែលសេវាស៊ើបការណ៍សម្ងាត់ (MI6) របស់អង់គ្លេស បានញុះញង់គូស្វាមីភរិយា គឺលោក Wang និងលោកស្រី Zhou ដែលជាបុគ្គលិកនៃទីភ្នាក់ងាររដ្ឋមជ្ឈិមរបស់ប្រទេសចិន ឲ្យបង្កើតភាពចន្លោះប្រហោង»។
ក្រសួងបានបន្ថែមថា អ្នកស៊ើបការណ៍ជនជាតិអង់គ្លេស បានចាប់ផ្តើមជ្រោមជ្រែងលោក Wang បន្ទាប់ពីរូបគេបានចាប់ផ្តើមវគ្គសិក្សានៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៥ ដោយបានរៀបចំអាហារពេលល្ងាច និងដំណើរទេសចរណ៍ សម្រាប់រូបលោក ដើម្បី «ស្វែងយល់ពីភាពទន់ខ្សោយ ចំណាប់អារម្មណ៍ និងការទាមទាររបស់លោក»។
ក្រសួងបានបញ្ជាក់ថា ខ្លួនបានប្រមូលភស្តុតាង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងលោក Wang ដោយបន្ថែមថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមទៀត។
គួរបញ្ជាក់ថា មហាអំណាចចិន និងលោកខាងលិច បានចោទប្រកាន់គ្នាទៅវិញទៅមកជាយូរមកហើយ អំពីការធ្វើចារកម្ម ប៉ុន្តែថ្មីៗនេះ ទើបតែចាប់ផ្តើមបង្ហាញព័ត៌មានលម្អិតនៃករណីចោទប្រកាន់លើរូបបុគ្គល។
កាលពីខែមុន នគរបាលអង់គ្លេស បាននិយាយថា លោក Matthew Trickett ដែលត្រូវបានចោទប្រកាន់ពីបទជួយទីក្រុងហុងកុងពាក់កណ្តាលស្វយ័តរបស់ចិន ក្នុងការប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់ នៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងស្ថានភាពដែលមិនអាចពន្យល់បាន៕