
ក្នុងសារការបោះឆ្នោតដ៏សំខាន់របស់ខ្លួន នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាព្រមានថា ការបោះឆ្នោតសភាអ៊ឺរ៉ុប នាពេលខាងមុខ នឹងផ្សារភ្ជាប់ជាមួយ «សង្គ្រាម ឬក៏សន្តិភាព»។
លោក Orban កំពុងធ្វើយុទ្ធនាការក្នុងការបោះឆ្នោត នៅអឺរ៉ុប ដោយសន្យាថា មានតែគណបក្ស Fidesz របស់លោកប៉ុណ្ណោះដែលតំណាងឲ្យសន្តិភាព ហើយអ្នកដែលចង់ចៀសវាងសង្គ្រាមលោកលើកទី៣ ដែលរង់ចាំតែកើតមាននោះ គួរតែបោះឆ្នោតឲ្យលោក។
ប៉ុន្តែខណៈពេលដែលលោកនិយាយអំពីដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីបាន «គ្រប់គ្រង» បេះដូងរបស់សហភាពអឺរ៉ុប (EU) ការប្រយុទ្ធជាក់ស្ដែងដែលលោក Orban កំពុងប្រឈម គឺនៅប្រទេសរបស់លោក ជាកន្លែងដែលក្រុមប្រឆាំងនយោបាយថ្មី និងសូម្បីតែការតវ៉ាប្រឆាំងថ្មី កំពុងគំរាមកំហែងកែប្រែស្ថានភាពបច្ចុប្បន្ន។
លោក Orban អ្នកជាតិនិយមដែលបានកាន់អំណាចអស់រយៈពេល ១៤ឆ្នាំ សង្ឃឹមថា គណបក្ស Fidesz របស់លោក នឹងទទួលបានផលពីការកើនឡើងនូវការគាំទ្រ ចំពោះពួកស្តាំនិយម នៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលរូបលោករៀបចំត្រៀមខ្លួនកាន់តំណែងប្រធានប្ដូរវេនរបស់ EU នៅពាក់កណ្ដាលឆ្នាំនេះ។
គួរបញ្ជាក់ថា លោក Orban បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលមានការយាមកាម និងមិនមានការផ្សព្វផ្សាយជាសាធារណៈ នៅទូទាំងប្រទេស ចាប់តាំងពីដើមខែឧសភា ជាកន្លែងដែលលោកបានព្រមានប្រជាជនកុំបោះឆ្នោតឲ្យគណបក្សប្រឆាំង ព្រោះពួកគេសុទ្ធតែជា «អ្នកគាំទ្រសង្គ្រាម»។ ហើយលោកនិយាយថា មន្ត្រីជាន់ខ្ពស់របស់ EU «ត្រូវតែផ្លាស់ប្ដូរ» ព្រោះពួកគេនឹងទាញអឺរ៉ុបឲ្យធ្លាក់ចូលក្នុងសង្រ្គាមលោក៕