
ពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវ ដែល្លី បានឈរតម្រង់ជួរទទួលទឹកពីរថយន្តសឺទែន ស្របពេលដែលរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ជួបរលកកម្តៅ និងវិបត្តិទឹកធ្ងន់ធ្ងរ ។
ពលរដ្ឋមួយចំនួននិយាយថា រថយន្តសឺទែនទឹកពុំមានទឹកពេញនោះទេ ហើយជម្លោះតែងតែកើតមានឡើង ពេលដែលមនុស្សមួយចំនួន ដណ្តើមទឹកគ្នា ។
អ្នកស្រី Atishi Marlena Singh គឺជារដ្ឋមន្រ្តីក្រសួងការងារសាធារណៈក្រុងដែល្លី និយាយថា ពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះ កំពុងប្រឈមការលំបាកខ្លំាង ដោយសារតែតម្រូវការទឹកកើនឡើង ហើយការផ្គត់ផ្គង់ទឹកធ្លាក់ចុះ ខណៈរដ្ឋាភិបាល ដាក់ការស្តីបន្ទោសលើនីវ៉ូទឹកទាបក្នុងទន្លេ Yamuna ដែលជាប្រភពទឹកដ៏សំខាន់របស់រដ្ឋធានីដែល្លី ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ប្រទេសឥណ្ឌា បានមើលឃើញករណីសង្ស័យជំងឺសុរិយារោគចំនួន ២៥.០០០ករណី និងមនុស្ស ៥៦នាក់ បានបាត់បង់ជីវិត ក្រោយកើតមានរលកកម្តៅនៅទូទាំងប្រទេស ចាប់ពីខែមីនា រហូតដល់ខែឧសភា ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងតំបន់អាស៊ី ក្នុងរយៈពេល ១ខែកន្លងមកនេះ បានកាន់តែអាក្រក់ទៅដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕