
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក អាចប្រឈមនឹង «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើខ្លួនមិនអើពើនឹងការព្រមានរបស់ទីក្រុងមូស្គូ មិនអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារលើគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី។
លោក Ryabkov បានធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីសប្តាហ៍មុន ដើម្បីអនុម័តលើការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ីដែលពាក់ព័ន្ធនឹងការវាយប្រហារលើតំបន់ខាគីវរបស់អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោក Ryabkov ថា៖«ខ្ញុំចង់ព្រមានមេដឹកនាំអាមេរិកប្រឆាំងនឹងការគណនាខុសដែលអាចមានផលវិបាកធ្ងន់ធ្ងរ។ សម្រាប់ហេតុផលដែលមិនដឹងច្បាស់ ពួកគេមើលស្រាលលើភាពធ្ងន់ធ្ងរនៃការបដិសេធ ដែលពួកគេអាចទទួលបាននោះ»។
លោកបានសំដៅទៅលើការអត្ថាធិប្បាយកាលពីសប្តាហ៍មុនដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយថា បណ្តាប្រទេសណាតូ កំពុងលេងជាមួយភ្លើង និងប្រថុយនឹងជម្លោះសកលកាន់តែខ្លាំងឡើង ដែលជាការព្រមានជាបន្តបន្ទាប់ពីទីក្រុងមូស្គូអំពីហានិភ័យនៃការកើនឡើងភាពតឹងដ៏ធ្ងន់ធ្ងរ។