ព្រះសីហនុ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៥នាក់ សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស.ស.យ.ក ចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យព្យាបាលជំងឺ ចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន ២៨៩នាក់ ស្រី១៥១នាក់ ក្មេង២០នាក់ និងអេកូ ៨៦នាក់ នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងលោកវេជ្ជបណ្ឌិត អាំ ផេង សមាជិកគណៈអចិន្រ្តៃយ៍ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស.ស.យ.ក ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងរួមគ្នាថា ថ្ងៃនេះដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ចំណែកលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ តំណាងលោកជំទាវ លឹម សាមាន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រះសីហនុ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ រួមនិងស.ស.យ.កឃុំអណ្តូងថ្ម និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី ដែលបានចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្វីដែលសំខាន់នោះគឺដោះស្រាយយ៉ាងណាកុំឲ្យប្រជាពលរដ្ឋរបស់យើង មាននរណាម្នាក់ដែលឈឺហើយ មិនទទួលបានសេវាព្យាបាល។ ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណតិ្តទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់សំខាន់បំផុតទៅលើវិស័យសុខាភិបាល។ យើងដឹងហើយថាមនុស្សម្នាក់ៗ ដើម្បីឲ្យមានកម្លាំងចលករកសាងជាតិបាន លុះត្រាតែមានសុខភាពល្អ ទទួលបានសេវាប្រកបដោយគុណភាព។ ជាក់ស្តែងថ្ងៃនេះមានការចូលរួមស្ម័គ្រចិត្តពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ដូច្នេះតាងនាមឲ្យអាជ្ញាធរដែនដីខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាពិសេសឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី ដល់រាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំកំពូលដែលឈ្លៀងវៃបំផុត គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសព្វថ្ងៃនេះ សម្តេចបានដឹកនាំឲ្យប្រជាពលរដ្ឋមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យទាំងអស់ពេញផ្ទៃប្រទេស ហើយចលនាជាតិមួយដ៏ធំដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាជាតិយើងទាំងមូល គឺព្រែកជីកហ្វូនណន តេជោ ហើយក្នុងនាមប្រជាពលរដ្ឋនៅទីនេះ សូមគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមគំនិតរបស់ជាតិ និងផលប្រយោជន៍ជាតិយើង គឺព្រែកជីកហ្វូណន តេជោ។
គួរបញ្ជាក់ផងដែរ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។ ជាពិសេសក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១ មិថុនា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ១២,០៦៩នាក់ ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃបានចំនួន ២០០៨លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២២២,៨៤៧នាក់ (ដប់បីលានម្ភៃពីរម៉ឺន ពីរពាន់ ប្រាំបីរយ សែសិបប្រាំពីរនាក់) គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦១,១៤២,៣៥០ដុល្លារ (ប្រាំមួយរយហុកសិបមួយលាន ដប់បួនម៉ឺន ពីរពាន់ បីរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ១១,៩១០,៣៦៨ដូស(ដប់មួយលាន កៅសិបមួយម៉ឺន បីរយហុកសិបប្រាំបី ដូស) ក្នុង២៥ រាជធានី-ខេត្ត៕
អត្ថបទ ៖ រដ្ឋា



















