
ប្រទេសចិន បានប្រកាន់ជំហររបស់ខ្លួនលើកោះជម្លោះចំនួនបី នៅឈូងសមុទ្រពែរ្ស នៅថ្ងៃចន្ទនេះ បើទោះបីជាទីក្រុងតេអេរ៉ង់ ខឹងសម្បាចំពោះទីក្រុងប៉េកាំងជុំវិញការពិពណ៌នាកោះដែលគ្រប់គ្រងដោយអ៊ីរ៉ង់ថា ជាបញ្ហាមួយដែលត្រូវដោះស្រាយជាមួយប្រទេសអារ៉ាប់រួមក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ប្រទេសចិន បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអារ៉ាប់រួម ដើម្បីឈានដល់«ដំណោះស្រាយសន្តិភាព»ចំពោះបញ្ហាប្រជុំកោះ - Greater Tunb, Lesser Tunb និង Abu Musa។
ប្រជុំកោះដែលទាមទារដោយប្រទេសអារ៉ាប់រួម និងអ៊ីរ៉ង់ ត្រូវបានទីក្រុងតេអេរ៉ង់កាន់កាប់ តាំងពីឆ្នាំ ១៩៧១។
នៅក្នុងការបង្ហាញពីកំហឹងដ៏កម្រមួយចំពោះដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹង «ការគាំទ្រម្តងហើយម្តងទៀត»របស់ចិនជុំវិញ «ការទាមទារដោយគ្មានមូលដ្ឋាន»របស់អារ៉ាប់រួម។
ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា៖«ដោយពិចារណាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងប៉េកាំង វាត្រូវបានគេរំពឹងថា រដ្ឋាភិបាលចិន នឹងពិនិត្យឡើងវិញនូវគោលជំហររបស់ខ្លួនលើបញ្ហានេះ»។
ក្រសួងការបរទេសចិន នៅពីថ្ងៃចន្ទនេះ បានអំពាវនាវជាថ្មីម្ដងទៀតឲ្យអ៊ីរ៉ង់ និងអារ៉ាប់រួម ដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដោយពណ៌នាអំពីជំហររបស់ចិនលើបញ្ហានេះថា«មិនផ្លាស់ប្តូរ» ឡើយ។